យោធាថៃ បាញ់កាំភ្លើង២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់, កម្ពុជា តវ៉ាឱ្យថៃរឹតបន្តឹង វិធានការគ្រប់គ្រង វិន័យកងទ័ពរបស់ខ្លួន
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃ បាញ់កាំភ្លើង២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ក្នុងចន្លោះម៉ោង៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ។
ក្រសួងការពារជាតិ បានអោយដឹងថា បើតាមព័ត៌មាន ដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ ដោយយោធាថៃ។
ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
