រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខកម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខកម្មការិនីរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សាស្ដ្រាចារ្យ ឈាង រ៉ា បានណែនាំដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបម្រើសេវាពិនិត្យ ថែទាំ និងព្យាបាលជនរងគ្រោះ ប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែង ក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃជនរង គ្រោះដែលបានបាត់បង់ជីវិត និងជូនពរអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់ជួបជុំក្រុមគ្រួសារវិញ។

សាស្ត្រាចារ្យរដ្ឋមន្ត្រីបានអំពាវនាវដល់ពលរដ្ឋអ្នកដំណើរទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ ។

សូមបញ្ជាក់ថា កាលពីម៉ោង៦និង១០ នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តចំនួន៤គ្រឿង នៅចំណុចមុខសាលាបឋមសិក្សាសាលាលេខ៥ ផ្លូវជាតិលេខ៥ ក្នុងគន្លងផ្លូវខាងកើត ចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ ភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមានអ្នកស្លាប់ ចំនួន៩នាក់ របួសធ្ងន់៩នាក់ និងស្រាល៣៥នាក់ ។ ដូចគ្នានេះដែរ នៅខេត្តស្វាយរៀងក៏ មានអ្នកស្លាប់ចំនួន៥នាក់ របួសធ្ងន់៦ នាក់ ស្រាលចំនួន២៩នាក់ផងដែរ ដែលកើតឡើងដោយសារគ្រោះ ថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ និងរថយន្តដឹកកម្មករ ៕










