រដ្ឋមន្រ្តីទេសចរណ៍ថា ៖ ទេសចរណ៍ ពិតជាមិនអាចកាត់ផ្តាច់បាន ពីកត្តាសុខសន្តិភាព
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍ ពិតជាមិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសង្គម ។

ការលើកឡើងបែបនេះ របស់លោក ហួត ហាក់ ក្នុង“ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦” ។
លោក ហួត ហាក់ បានលើកឡើងទៀតថា វិស័យទេសចរណ៍ ក៏បានធ្វើកិច្ចសហប្រតិបត្តិអន្តរជាតិ ជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីជំរុញការធ្វើដំណើរផ្លាស់ប្តូរប្រជាជន អ្នកវិនិយោគ អ្នកធ្វើដំណើរ និងអ្នកធ្វើទេសចរ ព្រមទាំងតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជា ពីគ្រប់តំបន់នានានៃពិភពលោក ។

រដ្ឋមន្រ្តីបន្តថា វិស័យនេះ គឺជាវិស័យអាទិភាព និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីយុទ្ធនាការទស្សនាកម្ពុជា នារដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ ដែលផ្តល់ជូនបទពិសោធន៍ទេសចរណ៍ប្លែក បៃតងស្រស់ស្អាត និងបរិយាកាសត្រជាក់ ជាមួយអត្ថប្រយោជន៍ពិសេសជាច្រើន ស្របតាមពាក្យស្លោក “6 Musts” រួមមាន ៖ Must See , Must Stay , Must Taste , Must Visit , Must Try និង Must Buy។

សូមបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍ និង ទំនិញម៉ាឡេស៊ីឆ្នាំ២០២៦ បង្ហាញពីទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី និងសកម្មជំរុញការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ ។ ព្រឹត្តិការណ៍ទាំងនេះ ក៏ត្រូវបានភាគីកម្ពុជា-ម៉ាឡេស៊ីរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែសកម្ម ស៊ីជម្រៅ រឹងមាំ និងផ្តល់ជាប្រយោជន៍អតិបរមាដល់ប្រជាជន នៃប្រទេសទំាងពីរបន្ថែមទៀត៕






