ទូតខ្មែរ ជួបជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ SUNY ពិភាក្សាលើវិស័យអប់រំ
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Eugene Pak ព្រឹទ្ធបុរសផ្នែកទំនាក់ទំនងខាងក្រៅ នៃសាកលវិទ្យាល័យ State University of New York (SUNY)ដោយផ្តោតសំខាន់លើវិស័យអប់រំ ។

សាកល SUNY មានទីតាំងនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំរវាងសាកលវិទ្យាល័យ និងស្ថានទូត។ លោក Pak ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីកម្មវិធីអាហារូបករណ៍ របស់សាកលវិទ្យាល័យ និងបំណងផ្តល់អាហារូបករណ៍នៅគ្រប់កម្រិតសិក្សាដូចជា បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតកម្ពុជា ដែលមានសមត្ថភាពខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ មកសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា ដែលនឹងទទួលបានគុណភាពអប់រំ និងសញ្ញាបត្រស្មើនឹងការសិក្សានៅសហរដ្ឋអាម៉េរិកផ្ទាល់ដែរ។

ជាការឆ្លើយតប ឯកអគ្គរាជទូត បានស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមខាងលើ និងបានសន្យាថា នឹងបញ្ជូនព័ត៌មាន ស្តីពីការផ្តល់អាហារូបករណ៍នេះ ទៅកាន់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយ និងជ្រើសរើសនិស្សិតកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកទូតក៏បានលើកឡើង អំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទីមួយដែលស្របគ្នា ទៅនឹងគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ SUNY ដែលមានបំណងផ្តល់អាហារូបករណ៍ ដល់និស្សិត មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា និងនិស្សិតដែលមានសមត្ថភាព តែមានកង្វះខាតផ្នែកហិរញ្ញវត្ថុ សម្រាប់បន្តការសិក្សានៅបរទេស៕



