កម្ពុជា-ADB ប្តេជ្ញាពង្រឹងភាពជាដៃគូ លើការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ការងារដែលកំពុងវិវត្ត
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធី ពិសាអាហារថ្ងៃត្រង់ថ្នាក់រដ្ឋមន្ត្រី ជាមួយលោកស្រី Lisa Wright នាយកប្រតិបត្តិរង និងជាប្រធានគណៈប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាន Zhan Liang នៃអគារវឌ្ឍនៈ ។

ក្នុងបរិយាកាសដ៏សោមនស្សរីករាយនេះ ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ADB សម្រាប់ភាពជាដៃគូជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ ដល់អាទិភាពអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន ការអភិវឌ្ឍជំនាញ ការអភិវឌ្ឍវិស័យឯកជន ការបំប្លែងឌីជីថល និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទន្ទឹមនេះ លោក ហេង សួរ បានគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ADB លើកំណែទម្រង់ TVET ភាពជាដៃគូជាមួយវិស័យ ឧស្សាហកម្ម ព័ត៌មានទីផ្សារការងារ ជំនាញបៃតង និងឌីជីថល ព្រមទាំងកម្មវិធីគន្លងអប់រំថ្មី ដែលស្របតាមគោល នយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦–២០៣៥ ដែលនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ។

កម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការភាព ជាដៃគូលើការអភិវឌ្ឍជំនាញ ព្រមទាំងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ៕














