រដ្ឋបាលខេត្តកែប ប្តេជ្ញាបោសសម្អាត និងលុបបំបាត់ Scam Online ឱ្យអស់ពីភូមិសាស្ត្រខេត្ត
កែប ៖ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកែប បានប្តេជ្ញាបោសសម្អាត និងលុបបំបាត់ Scam Online ឱ្យអស់ពីភូមិសាស្ត្រខេត្ត ដើម្បីលើកកម្ពស់កិត្តិយសខេត្ត និងកិត្តិយសប្រទេសជាតិ ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា យោងតាមច្បាប់ ស្ដីពី ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និង អនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ លោក បានជម្រាបដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ ក្នុងភូមិសាស្រ្តខេត្តកែប ថា រាល់ការទទួលភ្ញៀវអន្តរជាតិ ដែលគ្មានឯកសារត្រឹមត្រូវ នឹងត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀល (១,០០០ដុល្លារ) ក្នុងម្នាក់ ឬអាចលើសពីនេះទៅតាមស្ថានភាពនៃបទល្មើស។
លោក អភិបាលខេត្ត បន្ដថា ប្រសិនបើរកឃើញថា មានការសហការ ឬបើកទីតាំងឱ្យមានសកម្មភាព Scam Online ម្ចាស់ទីតាំងនឹងត្រូវទទួលទោសទណ្ឌ តាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ដោយគ្មានការលើកលែងជាដាច់ខាត ។
លោក អភិបាលខេត្ត គូសបញ្ជាក់ថា «គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសច្ចាធានាជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រីរួចហើយ ក្នុងការបោសសម្អាត និងលុបបំបាត់ Scam Online ឱ្យអស់ពីភូមិសាស្ត្រខេត្ត ដើម្បីលើកកម្ពស់កិត្តិយសខេត្ត និងកិត្តិយសប្រទេសជាតិ» ។
លើសពីនេះ លោក អភិបាលខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋ និង ម្ចាស់អាជីវកម្មទាំងអស់ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ក្នុងគ្រប់ទម្រង់ នៃបទល្មើស និងចូលរួមគ្នា ថែរក្សាខេត្តកែប ឱ្យមានសុវត្ថិភាពឌីជីថល គ្មាន Scam Online ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ៕
