ការសម្របសម្រួល ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ គឺជាកិច្ចការអាទិភាព
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង សម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ ច្រកទ្វារព្រំដែន អន្តរជាតិ និង ច្រកទ្វារអន្តរជាតិទូទាំងប្រទេស ចាត់ទុកកិច្ចការ សម្របសម្រួល ការធ្វើដំណើរនេះចេញ-ចូល របស់ភ្ញៀវទេសចរ គឺជាកិច្ចការអាទិភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនភ្ញៀវទេសចរ ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង សម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) ក្នុងគោលបំណង ដើម្បីបង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគ.អ.ច.ទ., ស្តាប់របាយការណ៍អំពីវឌ្ឍនភាពការងារ សម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ។

កិច្ចប្រជុំក៏បាននិងពិនិត្យ, ពិភាក្សា ក្តាប់បញ្ហាប្រឈម និង សំណូមពរនានា សំដៅស្វែងរកដំណោះស្រាយ ដែលពាក់ព័ន្ធ នឹងការសម្រួល ការធ្វើដំណើររបស់ភ្ញៀវទេសចរ នៅតាមច្រកទ្វារ ព្រមទាំងពិភាក្សាលើការ សម្របសម្រួល ក្នុងការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ ដល់ពលរដ្ឋចិន រយៈពេល៤ខែ នៅឆ្នាំ២០២៦ នេះ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណ សម្ដេចធិតបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាព សមាសភាព គ.អ.ច.ទ. ថ្មី ព្រមទាំងបានគូសបញ្ជាក់ផងដែរថា គ.អ.ច.ទ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីសម្រួល ការធ្វើដំណើរចូល-ចេញ របស់ភ្ញៀវ ទេសចរ តាមរយៈការផ្តល់ភាពកាន់តែងាយស្រួល, កាត់បន្ថយរបាំង មិនចាំបាច់ ដែលធ្វើឱ្យប៉ះពាល់ ដល់ការធ្វើដំណើរចេញ-ចូល, លុបបំបាត់ ក៏ដូចជាបោសសម្អាតភាព អសកម្មទាំងឡាយ ដែលនាំឱ្យប៉ះពាល់ និងរំខានដល់ការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ ជាពិសេសដោះស្រាយរាល់ពាក្យបណ្ដឹង របស់ភ្ញៀវទេសចរ ទាក់ទងនឹងបញ្ហាដែលកើតមានឡើង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស៕




