រដ្ឋមន្រ្តី ហួត ហាក់៖ ភាពជាដៃគូ របស់ADB និងក្រសួងទេសចរណ៍កន្លងមក សម្រេចជោគជ័យគម្រោង អភិវឌ្ឍសំខាន់ជាច្រើន សម្រាប់បម្រើវិស័យ អេកូទេសចរណ៍
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសសចរណ៍ បានគូសបញ្ជាក់ថា ភាពជាដៃគូរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនិងក្រសួងទេសចរណ៍កន្លងមក ដែលបានសម្រេច ដោយជោគជ័យ នូវគម្រោងអភិវឌ្ឍដ៏មានសារៈសំខាន់ជាច្រើន សម្រាប់បម្រើវិស័យ អេកូទេសចរណ៍ ការបង្កើតការងារ និងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ។

ការលើកឡើរបស់របស់លោក ហួត ហាក់ ក្នុងឱកាសជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ទស្សនៈ កម្រិតថ្នាក់រដ្ឋមន្រ្តី ជាមួយគណៈប្រតិភូជាន់ខ្ពស់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំលោកស្រី Lisa Wright នាយកប្រតិបត្តិប្រចាំតំបន់ អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថ្នាក់ដឹកនាំរបស់ធនាគារនេះ ដែលតែងតែគំាទ្រ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិទាំងអស់ ចាប់តាំងពីអាណត្តិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះភាពជាដៃគូ ជាពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនឹងក្រសួងទេសចរណ៍កន្លងមក ដែលបានសម្រេចដោយជោគជ័យនូវគម្រោងអភិវឌ្ឍ ដ៏មានសារៈសំខាន់ជាច្រើន សម្រាប់បម្រើ វិស័យអេកូទេសចរណ៍ ការបង្កើតការងារ និងការរួមចំណែក អភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ភាពធន់ និង បរិយាបន្នភាព ជាក់ស្តែងគឺកំពង់ផែទេស ចរណ៍អន្តរជាតិនៅខេត្តកំពត ដែលត្រូវបានបើកសម្តោធ ដាក់ឱ្យប្រើប្រាស់ដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ។

ថ្មីៗនេះ ក្រសួងទេសចរណ៍ ក៏បានទទួលនូវគម្រោងអភិវឌ្ឍន៍ថ្មីបន្ថែម ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងជួយវិស័យទេសចរណ៍ពិសេសៗ និងក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលនឹងជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យទេសចរណ៍ក្នុងខេត្តសំខាន់ៗ ដែលជាគោលដៅទេសចរណ៍ សម្រាប់ជួយជំរុញជីវភាព និងបង្កើតការងារនៅនឹងកន្លែង និងការអភិរក្សតំបន់បន្ថែមទៀត៕





