ក្រសួងសុខាភិបាល និងធនាគារADB រួមគ្នាពង្រឹងភាពជាដៃ គូយុទ្ធសាស្ត្រ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរួមគ្នាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាជន និងឈានឆ្ពោះទៅសម្រេចការគ្រប ដណ្តប់សុខភាពជាសកល។
នេះបើតាមខ្លឹមសារនៃកិច្ចជំនួប វាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូនាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Lisa Wright នាយកប្រតិបត្តិប្តូរវេន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។

ជំនួបដ៏មានសារៈសំខាន់នេះ គឺជាការបង្ហាញ យ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យរួមឆ្ពោះទៅ ការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវការងាររបស់ក្រសួងសុខាភិបាល ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រភាពជាដៃគូ ប្រចាំប្រទេសរបស់ធនាគារ ADB។
តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB បានរួមចំណែកយ៉ាងធំធេងក្នុងការកែប្រែមុខមាត់ប្រព័ន្ធសន្តិសុខសុខភាពជាតិ។ វឌ្ឍនភាពទាំងនេះ គឺជាផ្លែផ្កានៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគលើវិស័យសុខាភិបាល និងសមត្ថភាពរបស់ក្រសួងក្នុងការអនុវត្តគម្រោងនានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព តាមរយៈការធ្វើទំនើបកម្ម មន្ទីរពេទ្យបង្អែក ការពង្រឹងមន្ទីរពិសោធន៍ និងការពង្រីកបណ្តាញ សង្គ្រោះបន្ទាន់នៅទូទាំងប្រទេស។

សម្រាប់ជំហានបន្ទាប់ ក្រសួងសុខាភិបាលកំពុងរៀបចំផែនការ យុទ្ធសាស្ត្រមុតស្រួច ដើម្បីធានាថា ការវិនិយោគរបស់ធនាគារ ADB នឹងបម្រើផល ប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ តាមរយៈការសម្រេចឱ្យ បាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើចំណុចស្នូលរួមមាន ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ , ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល និងការលើកកម្ពស់សមធម៌ សុខភាពនៅតំបន់ព្រំដែន។

ក្រសួងសុខាភិបាល ចាត់ទុកធនាគារ អភិវឌ្ឍន៍អាស៊ី មិនត្រឹមតែជា ដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធ សាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ក្នុងការការពារសុខុមាលភាពប្រជាជនពីជំងឺឆ្លង និងការគំរាមកំហែងនានា ដើម្បីកសាងធនធាន មនុស្សដ៏រឹងមាំ ឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត៕








