សម្តេចធិបតី ប្រាប់ទូតស្វីស ពីជំហរកម្ពុជា លើការដោះស្រាយព្រំដែន ជាមួយថៃ ដោយសន្តិវិធី
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំកម្ពុជា អំពីគោលជំហររបស់កម្ពុជា លើការដោះស្រាយជម្លោះព្រំដែន ជាមួយភាគីថៃដោយសន្តិវិធី ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីបានជម្រាបឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។

ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលស្វីសគាំទ្រ ការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕



