ព័ត៌មានជាតិ

ក្រសួងការងារ ​ពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. ដល់ខេត្តព្រៃវែង និងស្វាយរៀង

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្ត​ចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦»​ តាមរយៈកិច្ចសហការ​រវាងមន្ទីរការងារ និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះផ្ទាល់ដល់បណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងអាជីវកម្មកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា។

សកម្មភាពចុះជំរុញ ដល់មូលដ្ឋាន នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដាស់ស្មារតី និងលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់ នៃពលកម្មកុមារ ឱ្យកាន់តែទូលំទូលាយ ព្រមទាំងបំផុសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការឃ្លាំមើល និងរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យ ។ ក្នុងនោះដែរ ក្រសួងការងារ ក៏បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី សហគមន៍សិប្បកម្ម និងផ្នែកកសិ-ឧស្សាហកម្ម ត្រូវរួមដៃគ្នាទប់ស្កាត់ និងលុបបំបាត់ ឱ្យបានដាច់ខាតនូវរាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីធានាបាន នូវប្រសិទ្ធភាពការងារខ្ពស់ និងការការពារសិទ្ធិកុមារយ៉ាងពិតប្រាកដ។

ទន្ទឹមនឹងការអនុវត្តយុទ្ធនាការនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញនូវវិធានការណែនាំដល់ម្ចាស់សហគ្រាស និងនិយោជកទាំងអស់ ឱ្យបំពេញកាតព្វកិច្ចចុះបញ្ជិកាសមាជិកមូលនិធិជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនដល់បងប្អូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការគាំពារសង្គម។ លើសពីនេះ និយោជកត្រូវតែរួសរាន់ចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ឱ្យបានត្រឹមត្រូវតាមការកំណត់ផងដែរ។

​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវ យ៉ាងទទូចដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារឱ្យអស់ពីកម្ពុជា។ ក្នុងករណីបានជួបប្រទះ ឬមានការសង្ស័យលើការប្រើប្រាស់ពលកម្មកុមារខុសច្បាប់ សូម​រាយការណ៍ឱ្យបានលឿនបំផុត តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ឬតាមប្រអប់បណ្តឹងអនាមិក ដើម្បីឱ្យក្រុមការងារបច្ចេកទេស របស់ក្រសួង អាចចុះចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់បានទាន់ពេលវេលា៕

To Top