ព័ត៌មានជាតិ

កម្មវិធី TVET 1.5M ៖ មុខជំនាញ ៣ ដែលមាន​យុវជន អតីតពលករ និងពលរដ្ឋនៅក្នុងខេត្តប៉ៃលិន មក​ចុះឈ្មោះ​ចូលរៀន​ច្រើន​ជាង​គេ

ប៉ៃលិន៖ មជ្ឈ​មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន(PLPTC) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍លើ ១១​មុខ​ជំនាញ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋ​មន្រ្តី ព្រម​ទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភប្រចាំខែ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ជាការកត់សម្គាល់នោះ មានមុខជំនាញចំនួន ៣ ដែលត្រូវបានយុវជន អតីតពលករ និងពលរដ្ឋខេត្តប៉ៃលិន បាននាំគ្នាមក​ចុះឈ្មោះ​ចូល​រៀន​ជំនាញ​ច្រើន​ជាង​គេ។ មុខជំនាញទាំង ៣ នោះរួមមាន ការកែច្នៃបន្លែ និង​ផ្លែ​ឈើ សេវាកម្ម​រដ្ឋ​បាល សេវា​កម្មសម្អាង​កាយ ដែលសុទ្ធ​សឹងតែ​ជា​ជំនាញ​ស្រប​តាម​តម្រូវការទីផ្សារ​ការងារ និងអាចបង្កើនចំណូលបន្ថែម និងអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

ជាមួយគ្នានេះ មជ្ឈមណ្ឌល​ PLPTC បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤ មកដល់​ត្រីមាសទី១ នៃដើមឆ្នាំនេះ បានផ្ដល់​អាហារូបករណ៍​ជូន​សិស្ស​សរុប ២ ៦៤០នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ១ ៨៦៩នាក់។

គួរំលឹកផងដែរថា ចាប់តាំងពីការប្រកា​សអនុវត្ត​នូវ​កម្មវិធី​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មកត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៦ នេះសរុប ១៦៤,៦៧៧នាក់ ក្នុងនោះមានយុវជនគោលដៅមក​ពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរ​ង​ហា​និភ័យ ៧០ ៧៨០នាក់ ដែល​ទទួល​បានប្រាក់ឧបត្ថម្ភប្រចាំខែ និងការបណ្ដុះបណ្ដាលជំនាញនៅទូទាំងប្រទេសកម្ពុជា៕

To Top