វិទ្យាស្ថាន RPITSE នៅខេត្ដក្រចេះ ផ្តល់អាហារូបករណ៍ជាង ៣ ០០០កន្លែងដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលមាន ១២មុខជំនាញ តាមរយៈកម្មវិធី ១,៥លាននាក់
ក្រចេះ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៅខេត្ដក្រចេះ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ៣ ១៤៥ កន្លែងដល់ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

បើតាមវិទ្យាស្ថាន RPITSE បានឱ្យដឹងថា វិទ្យាស្ថានបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួន ២ ២៦៣នាក់ គិតចាប់ត្រឹមឆ្នាំ ២០២៤ មកដល់ត្រឹមឆមាសទី១នៃឆ្នាំ ២០២៦នេះ។ មុខជំនាញដែលសិស្សានុសិស្សចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេរួមមាន ១-ការងារកំបោរ, ២-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៣-សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ៤-ការថែទាំ និងជួសជុលទោចក្រយានយន្ត, ៥-ការថែទាំ និងជួសជុលរថយន្ត។
ជាមួយគ្នា វិទ្យាស្ថាន RPITSE បានផ្តល់អាហារូបករណ៍ទៅលើ១២ មុខជំនាញមានដូចជា ១-ការងារកំបោរ, ២-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៣-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ៤-ការថែទាំ និងជួសជុលទោចក្រយានយន្ត, ៥-ការថែទាំ និងជួសជុលរថយន្ត, ៦-ការផ្សារអគ្គិសនី, ៧-ការដំឡើង និងថែទាំកាំមេរ៉ាសុវត្ថិភាព, ៨-ការរចនាក្រាហ្វិចដោយកុំព្យូទ័រ, ៩-សេវាកម្មកុំព្យូទ័រ, ១០-សេវាកម្មសម្អាងកាយ, ១១-សេវាកម្មកាត់សក់បុរស និង១២-ការធ្វើម្ហូបខ្មែរ។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយចុះឈ្មោះចូលរៀនតាមរយៈលេខទូរសព្ទលេខ ០៩៧ ៧៦៧ ៤០០១/ ០១២ ៧៨៤ ៩៤៨/០៩៧ ៧៥២ ៣៣៤៦ ឬអញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ដែលមានទីតាំងស្ថិតនៅភូមិអូរឬស្សីទី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្ដក្រចេះ។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

