សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិត កែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរោងចក្រ ផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ បង្កើតឡើង និងចុះបញ្ជីស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ និង ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រ កៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានា នៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។

នៅខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ក៏ទទួលបាន វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ជាក្រុមហ៊ុនវិនិយោគបរទេស និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេឈ្មោះ Guanda Industrial Co.,Ltd. ដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងបានវិនិយោគ ក្នុងវិស័យកសិឧស្សាហកម្ម នៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងការផលិត ការកែច្នៃ និងការធ្វើពាណិជ្ជកម្មកៅស៊ូ ប្រេងគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ស្វាយចន្ទី កាកាវ ដំឡូងមី និងសណ្តែកសៀង។

ក្រុមហ៊ុន Mainland Group (Hong Kong) Co., Ltd. ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេតែមួយ (Guanda Industrial Co., Ltd.) របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ និងជាក្រុមហ៊ុនផលិតកៅស៊ូធម្មជាតិ ធំជាងគេលំដាប់ទី៤ នៅលើពិភពលោក និងបានវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក លើផ្ទៃដីជិត ១៥ហិកតា ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ ផ្តល់ការងារផ្ទាល់ ជូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ និងដោយប្រយោល (អ្នកចៀរជ័រ) ជាង ៥០ ០០០នាក់៕

















