ព័ត៌មានជាតិ

សម្តេចធិបតី៖ រោងចក្រកែច្នៃជ័រកៅស៊ូ ជាលទ្ធផលជាក់ស្តែង ដែលរាជរដ្ឋាភិបាលខំជំរុញ

ត្បូងឃ្មុំ៖ ឆ្លើយតបនឹង អ្នកវិភាគមួយចំនួន ដែលតែងនិយាយថា រាជរដ្ឋាភិបាល មានតែទ្រឹស្តី ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យមើលលទ្ធផលជាក់ស្តែង តួរយ៉ាងរោងចក្រ ផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ដែលសម្ពោធនាថ្ងៃនេះ ជារោងចក្រពិតប្រាកដ មិនមែនរោងចក្រក្រដាសឡើយ។

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រ ផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មានគោលដៅសំខាន់ សម្រាប់កសិកម្ម និងកសិករ ធ្វើយ៉ាងណាចំណូលកើនឡើង ។

ជាមួយគ្នានេះ សម្តេចធិបតី អះអាងថា ការរៀបចំ ជំរុញឱ្យមានរោងចក្រកែឆ្នៃមិនថាកៅស៊ូ មិនថាស្វាយចន្ទី គោលដៅសំខាន់បំផុតគឺផល និងចំណូលទៅដល់កសិករ តាមរយៈមធ្យោបាយឱ្យរោងចក្រដំណើរការ និងបង្កើតការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋ ជាងនេះទៅទៀត សកិករមានទីផ្សារនៅនឹងកន្លែង និងមានស្ថេរភាព ដែលល្អជាងនាំចេញទៅក្រៅប្រទេស ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាល់ថា ទាំងអស់នេះ គឺជាគោលន យោបាយ នៃការធ្វើទំនើបកម្ម លើការធ្វើឧស្សាហកម្ម ធ្វើយ៉ាងណាឱ្យកម្ពុជា កាន់តែមានលទ្ធភាព និងឈប់នាំចេញវត្ថុធាតុដើម ទៅជាការនាំចេញផលិតផលពាក់កណ្តាលសម្រេច ដែលអាចធានានូវតម្លៃ ។

ក្នុងឱកាសនោះ សម្តេចធិបតី ថ្លែងថា មានអ្នកខ្លះឱ្យតែនិយាយ គឺថា រាជរដ្ឋាភិបាល មានតែទ្រឹស្តី ហើយឱ្យធ្វើឱ្យបានសិនទៅ ខណៈសម្តេចថា ចុះអ្វីដែលមកសម្ពោធនេះ មិនជាអ្វីដែលកំពុងកើតឡើងមែនទែន ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដូចខ្ញុំតែងតែបានលើក អត់សំខាន់រឿងខ្ញុំនិយាយនោះទេ សំខាន់លទ្ធផលលើដី ហើយថ្ងៃនេះ ៣០លានដុល្លារ រោងចក្រ ដែលមានលទ្ធភាពកែឆ្នៃ និងទិញផលិតផលកៅស៊ូ ពីអ្នកត្បូងឃ្មុំ នៅទីនេះ គឺជាលទ្ធផលជាក់ស្តែង មិនមែនជារោងចក្រក្រដាសនោះទេ គឺជារោងចក្រពិតប្រាកដ ដែលយើងត្រូវធ្វើហើយបន្តនៅក្នុងការជំរុញ ហើយខ្ញុំគាំទ្រក្រុមហ៊ុន ឱ្យបន្តពង្រីកនៅរតនៈគិរីបន្ថែមទៀត ដើម្បីយើងជំរុញ នូវការធ្វើកសិឧស្សាហកម្មរបស់យើង ហើយកែឆ្នៃក្នុងស្រុកឱ្យបានច្រើន” ។

គួរឱ្យដឹងថា ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ បង្កើតឡើង និងចុះបញ្ជីស្របច្បាប់នៅកម្ពុជា ក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែប កម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូ ដល់រោងចក្រនានា នៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។

ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ និងជាក្រុមហ៊ុនផលិតកៅស៊ូធម្មជាតិ ធំជាងគេលំដាប់ទី៤ នៅលើពិភពលោក និងបានវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក លើផ្ទៃដីជិត ១៥ហិកតា ដែលមានសមត្ថភាព ផលិតកៅស៊ូចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ ផ្តល់ការងារផ្ទាល់ ជូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ និងដោយប្រយោល (អ្នកចៀរជ័រ) ជាង ៥០ ០០០នាក់៕

To Top