ព័ត៌មានជាតិ

សម្តេចធិបតី ចាត់ទុកដំណាំកៅស៊ូ ជាដំណាំយុទ្ធសាស្រ្ត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុក ដំណាំកៅស៊ូជាដំណាំយុទ្ធសាស្រ្ត សម្រាប់ធ្វើឱ្យ ប្រសើរនូវខ្សែច្រវាក់ផលិតកម្ម និងជាគោលដៅនៃការអភិវឌ្ឍ វិស័យកសិកម្មរបស់កម្ពុជា ។

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ការកំណត់ដំណាំកៅស៊ូ ជាផែនការយុទ្ធសាស្រ្ត គឺក្នុងគោលបំណងឱ្យទៅ ដល់គោលដៅនៃកម្រិតសក្តានុពលទាំងបរិមាណ និងគុណភាព ជាពិសេសធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់តម្លៃ ផលិតកម្មកៅស៊ូ ប្រកបដោយភាពទំនុកចិត្ត និងប្រកួតប្រជែង ។

សម្តេចធិបតីបន្តថា “រាជរដ្ឋាភិបាល បានបន្តចាត់ទុកដំណាំកៅស៊ូ ជាដំណាំយុទ្ធសាស្រ្ត ដោយដាក់ចេញចេញផែនការ យុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាឆ្នាំ២០១២-២០២០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ដើម្បីលើកកម្ពស់សក្តានុពលដំណាំកៅស៊ូ” ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ទៅដល់ក្រសួងកសិកម្ម ត្រូវសហការជិតស្និទ្ធជា មួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជំរុញការអនុវត្តគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ , ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍កសិកម្មឧស្សាហកម្មឆ្នាំ២០១៩-២០៣០ , ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍កៅស៊ូជាតិឆ្ពោះទៅឆ្នាំ២០៣០ និងត្រូវពន្លឿនការរៀបចំច្បាប់ស្តីពីផលិតកម្ម កសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនទំនុកចិត្តរវាងកសិករនិងក្រុមហ៊ុនប្រមូលទិញ ។
បន្ថែមពីលើនេះ សម្ដេចធិបតី បង្ហាញការសប្បាយចិត្តចំពោះផលិតកម្មកៅស៊ូ ក្នុងឆ្នាំ២០២៥ ដែលលក់បានប្រមាណជា ៨៣៣ លានដុល្លារ កើនឡើ ២៤% បើធៀបនឹងឆ្នាំ២០២៤ ៕

To Top