អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យអាជ្ញាធរជាប់ព្រំដែន ត្រូវពង្រឹងការទប់ស្កាត់ មិនឱ្យមានការនាំចូលទំនិញពីថៃ
បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តដាក់បទបញ្ជាឱ្យអាជ្ញាធរស្រុកជាប់ព្រំដែន កងកម្លាំង និងមន្រ្តីជំនាញ ត្រូវពង្រឹងការទប់ស្កាត់ មិនឱ្យមានការនាំចូលទំនិញរបស់ថៃ។

ការដាក់បទបញ្ជារបស់ លោក អភិបាលខេត្តបាត់ដំបង បានធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក អភិបាលខេត្ត ថា «អាជ្ញាធរស្រុកជាប់ព្រំដែន កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់មិនឱ្យមានការនាំចូលទំនិញរបស់ថៃ និងបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ»។
នាឱកាសនោះលោក អភិបាលខេត្ត ក៏បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ ជាពិសេសអ្នកនាំពាក្យនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គភាពកងកម្លាំងត្រូវតាមដានក្ដាប់ព័ត៌មាន និងពន្លឿនការឆ្លើយតបព័ត៌មានឱ្យបានលឿនរហ័សដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។

លោក សង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលសង្គមគ្មានប្រភពច្បាស់លាស់ តួយ៉ាងប្រភពពីក្រៅប្រទេសមួយចំនួនដែលមិនអាចទុកចិត្តបាន និងមានចរិតនយោបាយនិយមជ្រុល ឬព័ត៌មានដែលមានប្រភពពីMMO មួយចំនួនដែលប្រើបណ្តាញសង្គម សម្រាប់បង្កើតព័ត៌មានក្លែងក្លាយបង្កចលាចលទាញ យកប្រយោជន៍ផ្ទាល់ខ្លួននោះ គឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ សង្គមជាតិដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត៕

