ព័ត៌មានជាតិ

យុវជនម្នាក់ នៅស្រុកមោងឫស្សី បានរងរបួសធ្ងន់ ដោយសារផ្ទុះគ្រាប់មីន

បាត់ដំបង ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ដោយសំណល់សង្គ្រាមគ្រាប់ ៦០មីលីម៉ែត្រមិនទាន់ផ្ទុះ ដោយសារការដុតសម្អាតដីដាំដំណាំ បានបង្កផ្ទុះបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។

បើតាមគេហទំព័រហ្វេសប៊ុក របស់លោក ហេង រតនា , នៅក្នុងខែឧសភា មានករណីគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម ៣-៤ករណីហើយ ដែលបណ្តាលមកពីការលើកដាក់ ឬវាយដុំដុតគ្រាប់មិនទាន់ផ្ទុះ។

លោក អគ្គនាយក ក៏បានចូលរួមសោកស្តាយ និងមរណទុក្ខជាមួយជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រុងប្រយ័ត្ន និងកុំប៉ះពាល់ វាយដុំដុតគ្រាប់មិនទាន់ផ្ទុះ និងត្រូវរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តឬអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងជាពិសេសមកអង្គភាព CMAC ដើម្បីសុខសុវត្ថិភាពខ្លួនឯង និងអ្នកជុំវិញខ្លួន៕

To Top