ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនរួចជាស្រេចសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នា នៅកោះសេប៊ូ

ភ្នំពេញ ៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាល ទាំងពីរ បានឯកភាពគ្នា នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក សីហៈសក្តិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះគឺ ជាការអនុវត្តតាមកិច្ចប្រជុំត្រីភាគី រវាងកម្ពុជា ថៃ និងហ្វីលីពីន ដែលបានធ្វើឡើងក្នុង ឱកាស នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ដែលក្នុងនោះប្រមុខដឹកនាំបានប្រគល់ភារកិច្ច ឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ពិភាក្សាអំពី វិធានការកសាងទំនុកចិត្ត និងស្វែងរកមធ្យោបាយឆ្ពោះទៅមុខ។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈដោយត្រង់ និងបើក ចំហ អំពីស្ថានភាព ព្រំដែនរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ ឡើងវិញនូវជំហររបស់កម្ពុជា ទាក់ទងនឹងការសម្រេចផ្តើមប្រើ ប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងបានស្នើឱ្យមានការ អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ នូវសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លើខ្លឹមសារទាំងមូល។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាប ជូនសមភាគីថៃផងដែរថា កម្ពុជាបាន ត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នានៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងខិតខំស្វែងរកដំណោះស្រាយ ដោយយុត្តិធម៌ និងយូរអង្វែង។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ រក្សាការទាក់ទងគ្នាជិតស្និទ្ធ និងទៀងទាត់៕

To Top