ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង ៥នាក់ ក្រោយបង្ហោះម៉ូតូលើផ្លូវសាធារណៈ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង២២:៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចតាមបណ្ដោយផ្លូវស៊ូកាណូ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ  រាជធានី​ភ្នំពេញ​ និងបានឃាត់ខ្លួនក្មេងទំនើង ៥នាក់ភ្លាមៗ ។

ក្រោយបង្ក្រាបបាន អាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានក្មេងទំនើងទាំង៥នាក់ខាងលើនេះ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ៣គ្រឿង យកទៅរក្សាទុករយៈពេល ៣ខែ នៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ កន្លងមក ពាក់ព័ន្ធនឹងក្មេងទំនើងថា ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២បន្តទៀត៕

To Top