ព័ត៌មានជាតិ

លោក ឃួន ផុនរតនៈ ជួបពិភាក្សាការងារជាមួយប្រធានមជ្ឈមណ្ឌល គាំពារពលករបរទេស តំបន់អឹមសង់

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាល និងពិក្សាការងារជាមួយលោក Pak Han-Kyo ប្រធានមជ្ឈមណ្ឌលគាំពារពលករ បរទេសតំបន់អឹមសង់។

ឯកអគ្គរាជទូត ស្វាគមន៍ចំពោះលោកប្រធានមជ្ឈមណ្ឌល ដែលបានអញ្ជើញមកដល់ស្ថានទូតផ្ទាល់ និងថ្លែងអំណរគុណ សម្រាប់ការជួយជ្រោមជ្រែង របស់មជ្ឈមណ្ឌល ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពាន់រង្វាន់មិត្តភាពសហគមន៍ខ្មែរនៅកូរ៉េ ដែលត្រៀមធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានបង្ហាញជំហរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងមជ្ឈមណ្ឌលគាំពារ នាពេលខាងមុខ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន ការរៀបចំកម្មវិធីវប្បធម៌ ការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងការផ្សព្វផ្សាយច្បាប់ការងារថ្មីៗរបស់កូរ៉េផងដែរ៕

To Top