DAP News
ព័ត៌មានជាតិ

ក្រសួងការងារ បាននាំ​យកឱកាស​ការងារ, អត្ថប្រ​យោជ​ន៍សង្គម និងឱកាស​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល ​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ ​ជូន​ដល់​យុវ​ជន អតីត​ពលករ និងពលរដ្ឋ​នៅក្នុង ខេត្តពោធិ៍សា​ត់នៅថ្ងៃនេះ

ពោធិ៍សាត់៖ ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានបើក​វេទិកាការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ នៅខេត្តពោធិ៍សាត់ ដើម្បីផ្តល់​ឱកាស​ការ​ងារ​ប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថ​ប្រយោ​ជន៍នៃរ​បប​សន្តិ​សុខ​សង្គម (ប.ស.ស.) និងវគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជា​ពិសេស​អតីតពល​ករដែល​ត្រឡប់​មកពី​ប្រទេ​សថៃ​នៅ​ថ្ងៃ​ទី​២៨-២៩ ខែឧសភា ឆ្នាំ២០២៦។

វេទិកាការងារនេះ ​​​ត្រូវបានរៀបចំនៅថ្ងៃទី២៨ ខែឧសភា នៅក្នុង​បរិវេណសាលា​ក្រុង​ពោធិ៍សាត់ ក្រុង​ពោធិ៍​សាត់ និង​នៅថ្ងៃទី២៩ ខែឧសភា នៅ​​ក្នុង​បរិវេ​ណ​​សាលាស្រុក​ភ្នំក្រវាញ ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍​សាត់។​ ក្នុងនោះ​អ្នកចូល​រួម​ទាំង​អស់​នឹង​ទទួល​បាន​ព័ត៌មាន​​អំពី​ឱកាស​ការ​ងារដ៏ស​ម្បូ​របែ​ប វគ្គ​​បណ្តុះ​ប​ណ្តា​លបច្ចេ​កទេស និងអត្ថប្រ​យោជន៍របស់បេឡា​ជាតិសន្តិសុ​ខសង្គមផងដែរ។ បន្ថែមពីលើនេះគឺ ការទទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។

ជាមួយគ្នា​នេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្ត​អំពាវនាវ​សាជាថ្មី​ម្តងទៀត​ទៅដល់​អតី​តពល​ករ​ដែល​មកពី​ប្រទេសថៃ និងប្រជាព​លរដ្ឋនៅមូលដ្ឋានជាពិសេស​ខេត្តជាប់​ព្រំដែន ដែលមានបំណង​ស្វែងរកកា​រងារធ្វើ សូម​ទាក់ទង​មកលេខ ១២៩៧ ដើម្បី​​​ទ​ទួលបា​នឱកាសការងារក្នុ​ងស្រុកដែ​លមានប្រាក់​ឈ្នួល​ប្រហាក់ប្រហែល​គ្នា អត្ថប្រយោជ​ន៍សង្គមច្រើ​នជាង សុវត្ថិ​ភាព និងចូល​រួមក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​របស់​ខ្លួន​៕

To Top