ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បានបន្តផ្សព្វផ្សាយនៅបរិវេណសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៨០០នាក់។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ណែនាំ និងបានជម្រាបជូនអង្គពិធីទាំងមូល អំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់រាជរដ្ឋាភិបាល ក្នុងការប្រមូលឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋាន។ ក្នុងនោះ សម្រាប់វេទិកាខេត្តពោធិ៍សាត់នេះផ្ទាល់ បាននាំមកនូវឱកាសការងារភ្លាមៗចំនួន ១០ ៧៣២ កន្លែង ពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ និងតំបន់សេដ្ឋកិច្ចពិសេស។ លោកបានថ្លែងអំពាវនាវដល់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋទាំងអស់ឱ្យពិចារណាចាប់យកការងារធ្វើក្នុងស្រុក ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់ ដែលកំពុងមានការរីកដុះដាលនូវបណ្តារោងចក្រ និងសហគ្រាសធំៗជាច្រើន។ លោកបានគូសបញ្ជាក់ថា បន្ទាប់ពីចុះឈ្មោះធ្វើការងារស្របច្បាប់នៅទីនេះ បងប្អូនអតីតពលករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗចំនួន ៣ ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ឬប្រាក់រ៉ឺត្រែត ដូចមន្ត្រីរាជការដែរ ដែលយន្តការនេះជួយកាត់បន្ថយទាំងពេលវេលា និងថវិកាពលរដ្ឋក្នុងការដើររកការងារធ្វើ។

ជាមួយគ្នានេះដែរលោក ឡេង សែ ក៏បានពន្យល់យ៉ាងក្បោះក្បាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីហានិភ័យនៃការចំណាកស្រុកខុសច្បាប់ ដែលប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការគាំពារផ្នែកច្បាប់។ ការធ្វើការងារនៅក្នុងស្រុក មិនត្រឹមតែផ្តល់ប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យបងប្អូនបានជួបជុំ និងថែទាំឪពុកម្តាយចាស់ជរា ក៏ដូចជាកូនតូចៗក្នុងបន្ទុកផងដែរ ខណៈបច្ចុប្បន្នប្រទេសយើងមានការងារធ្វើច្រើនកន្លែង ប៉ុន្តែជួបប្រទះការខ្វះខាតកម្លាំងពលកម្ម។ ប្រសិនបើយើងងាកមកប្រើប្រាស់កម្លាំងពលកម្មសកម្មទាំងនេះ ក្នុងការធ្វើការងារស្របច្បាប់ក្នុងស្រុកវិញ នោះនឹងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញសេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងករណីដែលមានបំណងចង់ទៅបំពេញការងារនៅក្រៅប្រទេស ដូចជាប្រទេសកូរ៉េ ជប៉ុន អូស្ត្រាលី ជាដើម លោកបានក្រើនរំលឹកដល់ពលរដ្ឋ ឱ្យជ្រើសរើសតែក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីត្រឹមត្រូវប៉ុណ្ណោះ ចៀសវាងការចាញ់បោកក្រុមហ៊ុនខុសច្បាប់ ឬក្រុមហ៊ុនខ្សឹប ដោយបងប្អូនអាចធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមលេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

ក្រៅពីឱកាសការងារ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តយ៉ាងខ្លាំងក្លា ដល់យុវជន ឱ្យចាប់យកឱកាសមាស ក្នុងការចូលរៀនវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬកម្មវិធី TVET ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដ៏ធំស្កឹមស្កៃ ក្នុងគោលដៅយុទ្ធសាស្ត្រ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ នេះជាកម្មវិធីអាទិភាពជាតិរបស់រាជរដ្ឋាភិបាល ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែលើជំនាញទីផ្សារជាច្រើន ដូចជាការជួសជុលម៉ាស៊ីនបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី សំណង់ ឆុងកាហ្វេ ដុតនំ សាឡន ផាត់មុខ អ៊ុតសក់ ធ្វើក្រចក និងផ្នែកសេវាកម្មជាដើម ដើម្បីធានាបាននូវការងារធ្វើ និងប្រាក់ឈ្នួលសមរម្យនាពេលអនាគត។

សូមបញ្ជាក់ថា វេទិកាការងារដ៏មានសារៈសំខាន់នេះ ទទួលបានការសហការចូលរួមយ៉ាងពេញទំហឹងពីសំណាក់បណ្តារោងចក្រ សហគ្រាស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគម និងតំបន់សេដ្ឋកិច្ចពិសេសធំៗ រួមទាំង រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ, រោងចក្រ ញូ វ៉ាយ អឹភែរឹល, រោងចក្រ អខេធី, រោងចក្រ ស៊ិនគី អឹភឹរឹល, សិប្បកម្ម សាន ពៅ, រោងចក្រ មីនេបៀ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, សមាគម TAFTAC, តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ, តំបន់សេដ្ឋកិច្ចពិសេស ចេជាង គម្រោង២ ព្រមទាំងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលជាក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មស្របច្បាប់ទៅបម្រើការងារនៅប្រទេសជប៉ុនផងដែរ៕
















