ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវ ឱ្យបងប្អូនកម្មករនិយោជិត​រោងចក្រ ML ប្រមាណជាង១០០នាក់ទៀត មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ ខណៈចំនួនកម្មករ៥៨០នាក់ បានបើកប្រាក់ឈ្នួលរួច

បន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតចំនួន ១០០នាក់ នៅរោងចក្រអិមអិល(ML) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត “អូរនាង” ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ មកបើក​ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ខណៈដែលបងប្អូនកម្មករនិយោជិតចំនួន ៥៨០នាក់បានមកបើកប្រាក់ឈ្នួល និង​ប្រាក់​បំណា​ច់ផ្សេងៗរួច​រាល់​ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។​

លោកបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតប្រមាណជាង ១០០នាក់ ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗឱ្យមកបើកប្រាក់ឈ្នូល នៅក្នុងរោងចក្រផ្ទាល់។ ខ្ញុំក៏ចង់បញ្ជាក់ដែរថា បងប្អូនកម្មករនិយោជិតពិតជាសប្បាយរីករាយ និង​ពេញ​ចិត្ត​ចំពោះការសម្របសម្រួល និងការដោះស្រាយរបស់ក្រុមការងារមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះកង្វល់របស់ពួកគាត់»។

បន្ថែមពីនេះ ក្នុងនាមក្រសួងការងារ លោក ស៊ុន មេសា ក៏សូមចូលរួមអបអរសាទរដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល (ML) ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី២៨​ខែឧសភា ឆ្នាំ២០២៦នេះ ដែលជាការបើកប្រាក់ឈ្នួល និង​ប្រាក់បំណាច់ផ្សេងៗលើកទី២ ខណៈដែលបងប្អូនបានបើកលើកទី១ ម្តងហើយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ លោកក៏បាន អំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមានបំណងចង់ស្វែងរកការងារធ្វើ​ សូមមកទទួលយកឱកាសការ​ងារថ្មីពី​មជ្ឈ​មណ្ឌលការងារខេត្តបន្ទាយមានជ័យ ឬទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរងចាំទទួល៧ថ្ងៃក្នុងមួយសប្តាហ៍៕

To Top