រដ្ឋមន្រ្តី ហេង សួរ អញ្ជើញ ចូលរួមកម្មវិធី “ដាស់ស្មារតីជាតិ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកម្មវិធី “ដាស់ស្មារតីជាតិ” (Day of Reckoning) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង ជំរុញការចងចាំពីអ្វី ដែលកម្ពុជា ធ្លាប់បានឆ្លងកាត់ ជាពិសេសព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តក្នុងឆ្នាំ២០២៥ និងប្រែក្លាយការឈឺចាប់ និងភាពអយុត្តិធម៌ ក្នុងអតីតកាលនោះ ឱ្យក្លាយទៅជាកម្លាំង សាមគ្គីភាព ជំរុញទឹកចិត្តប្រជាជនក្នុងការអភិវឌ្ឍសមត្ថភាព និងការកសាងជាតិឱ្យកាន់តែរឹងមាំ ដោយបញ្ចៀស ដាច់ខាតនូវទស្សនៈជ្រុលនិយម និងការគុំកួនសងសឹក។

“ដាស់ស្មារតីជាតិ” ជាយុទ្ធនាការដ៏មានសារៈសំខាន់សម្រាប់បង្ហាញ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយឱ្យយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព តាមរយៈបទពិសោធឆ្លងកាត់ និងទិដ្ឋភាពជាក់ស្តែង ដែលបញ្ជាក់ថា «សុខសន្តិភាព និងស្ថិរភាព»របស់ប្រទេស មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែទាមទារឱ្យមានការរួបរួម ការលះបង់ និងការខិតខំថែរក្សាជា ប្រចាំពីប្រជាជាតិទាំងមូល៕







