ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា និងCBC រៀបចំវេទិកាពិភាក្សាស្តីពី «ការលើកកម្ពស់ ការប្រើប្រាស់ឥណទាន ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយCBC នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះបានរៀបចំវេទិកាពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័ហិរញ្ញវត្ថុ ក្រោមប្រធានបទ “ការលើកកម្ពស់ការប្រើប្រាស់ ឥណទានប្រកបដោយសុវត្ថិភាព» ក្នុងគោលបំណងរួមចំណែក លើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងជំរុញឲ្យមានការប្រើប្រាស់ប្រាក់កម្ចី ប្រកបដោយការទទួលខុសត្រូវនៅសង្គម។

ក្នុងឱកាសពិធីបើកវេទិកាពិភាក្សាស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាពនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ពុយ គា ប្រធាន ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) លោកស្រី ម៉ក់ រស្មី អគ្គនាយករងបទប្បញ្ញតិ្ត និងបរិយាបន្នហិរញ្ញវត្ថុនៃធនាគារជាតិកម្ពុជា និងលោក អឿ សុធារ័ត្ន ប្រធាននាយកប្រត្តិបតិនៃក្រុមហ៊ុន ប្រឌិត ប្យួរ៉ូ ខេមបូឌា។

វេទិកាពិភាក្សានេះបានផ្តល់ចំណេះដឹងនៃការយល់ដឹងពីរបៀបប្រើប្រាស់ឥណទាន ឬប្រាក់កម្ចីឲ្យបានត្រឹមត្រូវ និងសុវត្ថិភាព គឺជារឿងចាំបាច់បំផុត សម្រាប់ប្រជាពលរដ្ឋក្នុងយុគសម័យនេះ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល និងដើម្បីយកទុនទាំង នោះទៅពង្រីកអាជីវកម្មពិតប្រាកដ។

តាមការបញ្ជាក់ពីគណៈកម្មការរៀបចំកម្មវិធី វេទិកាពិភាក្សានេះមានអ្នកចូលរួមសរុបចំនួន ៨៦ នាក់ ដែលអញ្ជើញមកពីបណ្តាស្ថាប័ន និងអង្គភាពព័ត៌មានផ្សេងៗគ្នាចំនួន ៦៦ ស្ថាប័ន ។ ការចូលរួមយ៉ាងច្រើនកុះករនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ក្នុងការរួមចំណែកផ្សព្វផ្សាយ និង អប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់ឥណទានដោយសុវត្ថិភាព ដើម្បីជាប្រយោជន៍ដល់ សង្គមជាតិទាំងមូល ។

អ្នកចូលរួមទាំងអស់បានសម្តែងការគាំទ្រ និងបានពិភាក្សាគ្នាយ៉ាងផុសផុល ទៅលើចំណុចគន្លឹះសំខាន់ៗ ក្នុងការស្វែងយល់ពីប្រព័ន្ធឥណទានផ្លូវការ ការគ្រប់គ្រងហានិភ័យបំណុល និងការលើកកម្ពស់សមត្ថភាព សរសេរអត្ថបទព័ត៌មានសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕

To Top