សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ១លានដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានជួបសំណេះសំណាល និងប្រគល់ថវិកា១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

ក្នុងឱកាសនេះ សាស្ត្រាចារ្យ ឈាង រ៉ា ថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយឧបត្ថម្ភ និង គាំទ្រ និងជាថ្នាក់ដឹកនាំគំរូដែលបានជួយកៀរគរមូលនិធិ ដែលធ្វើមន្ទីរមានធន់ធាន សម្រាប់ជួយព្យាបាលជំងឺកុមារ ដោយឥតគិតថ្លៃ។

សាស្ត្រាចារ្យបន្តថា រយៈពេល ៣៣ ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលកុមារបានជិត៣០លាននាក់។ បច្ចុប្បន្ន មន្ទីរពេទ្យមានគ្រែសម្រាកព្យាបាលសរុបប្រហែលជាង ៣,០០០ គ្រែ និងមានបុគ្គលិកបម្រើការងារជាង ៣,0០០នាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងពីរកន្លែងក្នុងប្រទេសកម្ពុជា ត្រូវចំណាយថវិកាប្រហែល ៤៥ លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យបានចំណាយអស់ថវិកាប្រមាណ ១៦ លានដុល្លាររួចទៅហើយ៕
