ក្រសួងការងារ ៖ ការបើកប្រាក់ឈ្នួល ជូនកម្មករនិយោជិតរោងចក្រ ML បានបញ្ចប់ដោយរលូន ក្រោមការសម្របសម្រួល របស់មន្រ្តីជំនាញក្រសួង
បន្ទាយមានជ័យ៖ បងប្អូនកម្មករនិយោជិតសរុបចំនួន ៦៥១នាក់ក្នុងចំណោម ៦៨៣នាក់ដែលបម្រើការងារនៅក្រុមហ៊ុន អិមអិល អ៊ិនធីមេត អឹភែរឹល(ខេមបូឌា) ឯ.ក បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរួចរាល់ និងប្រកបដោយក្ដីរីករាយ ក្រោមការសម្របសម្រួលរបស់មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះថា ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីក្រសួងការងារ បងប្អូនកម្មករនិយោជិតបានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដោយដំណើរការយ៉ាងរលូនក្រោមកិច្ចសហការល្អពីបងប្អូនកម្មករនិយោជិត និងអាជ្ញាធរដែនដី។

លោកបញ្ជាក់ថា៖«គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៦៥១នាក់ក្នុងចំណោម ៦៨៣នាក់រួចរាល់ និងប្រកបដោយក្ដីរីករាយ។ ចំណែកឯបងប្អូនចំនួន ៣២នាក់ផ្សេងទៀត ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ សូមអញ្ជើញទៅបើកនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យរៀងរាល់ម៉ោងធ្វើការ»។

លោកបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់ទទួលបានការងារធ្វើ និងមានបំណងស្វែងរកការងារថ្មី សូមទំនាក់ទំនងមកមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline ១២៩៧។

គួររំឭកថា បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល(ML) ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៦នេះ ដែលជាការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលើកទី២ ខណៈដែលបងប្អូនបានបើកលើកទី១ ម្តងហើយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦៕




