ព័ត៌មានជាតិ

រដ្ឋមន្ដ្រី អ៊ាង សុផល្លែត អំពាវនាវ ឱ្យបន្តរួមគ្នាការពារសន្តិភាព និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអំពាវនាវ ឱ្យបន្តរួមគ្នាការពារសន្តិភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងអភិវឌ្ឍជាតិប្រកបដោយចីរភាព ។

ការអំពាវនារបស់ លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត នាឱកាសអញ្ជើញជាអធិបតីពីធីជួបជុំអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និង ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សា ហ៊ុន សែន កោងកាង នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសង្កត់ធ្ងន់ លើការការពារសិទ្ធិកុមារ ការលុបបំបាត់ពលកម្មកុមារ និងការកសាងមូលធនមនុស្ស ក្រោមម្លប់សន្តិភាព។ លោក បានមានប្រសាសន៍ លើកឡើងលើការការពារ និងការគោរពសិទ្ធិកុមារ ដោយរំលឹកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ ដូចជាការលប់បំបាត់ការរើសអើង ការរំលោភបំពាន និងការកេងប្រវ័ញ្ចពលកម្មកុមារ។

លោករដ្ឋមន្រ្តី បានបន្ថែមថា សន្តិភាពដែលកម្ពុជាទទួលបានពីគោលនយោបាយឈ្នះឈ្នះ ដឹកនាំនិងដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមូលដ្ឋានគ្រឹះ ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារកុមារគ្រប់រូប និងបានយ៉ាងពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការ សកម្មភាពជាតិរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។

លោកបានអំពាវនាវបន្តរួមគ្នាការពារសន្តិភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សាមគ្គីភាព និងការរួបរួមគ្នា សាមគ្គីគ្នា នឹងជួយឱ្យប្រទេសជាតិអាចសម្រេចបាននូវគោលដៅធំៗ ជាពិសេសការកសាងមូលធនមនុស្ស និងការការពារអនាគតរបស់កុមារកម្ពុជា។

ក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំនេះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើ ការផ្សារភ្ជាប់សិទ្ធិកុមារទៅនឹងកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ លោកបានលើកទឹកចិត្តដល់សិស្សានុសិស្ស ដោយមានការចែកសម្ភារៈសិក្សា ដូចជាសៀវភៅ ប៊ិច កាតាប កាបូបប៊ិច ដបទឹក បន្ទាត់ ជ័រលុប ប៊ិច ប្រដាប់ខួង និងខ្មៅដៃ ជាច្រើន រួមជាមួយការផ្តល់សម្ភារកីឡា រួមមានសម្រាប់តារាងបាល់ទាត់ ចំនួន ១ ឈុត តារាងប៉េងបុង ចំនួន១ ឈុត បាល់ទាត់ ចំនួន៦ បាល់និង ស្នប់ចំនួន៣គ្រឿង៕

To Top