ទូតកម្ពុជា ជួបអ្នកគ្រប់គ្រងវិទ្យាស្ថាន ស្រាវជ្រាវ ចំណីអាហារកូរ៉េ ពិភាក្សាការកែច្នៃចំណីអាហារ
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី JUNG Kyung Hee អ្នកគ្រប់គ្រង នៃវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ផ្តោតលើការកែច្នៃម្ហូបអាហារ ។

ក្នុងឱកាសនៃជំនួប លោកស្រី JUNG Kyung Hee បានធ្វើបច្ចុប្បន្នជូនឯកអគ្គរាជទូត អំពីវឌ្ឍនភាពគម្រោងសហប្រតិបត្តិការ រវាងវិទ្យាស្ថានស្រាវជ្រាវ ចំណីអាហារកូរ៉េ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ដែលស្ថាប័នទាំងពីរបានអនុវត្តគម្រោងរួមគ្នា លើការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងសហគ្រាសធុនតូច និងមធ្យមលើការកែច្នៃចំណីអាហារ តាំងពីឆ្នាំ២០១៨ ហើយបានសាងសង់ និងសម្ពោធមជ្ឈមណ្ឌលកែច្នៃចំណីអាហារកម្ពុជា-កូរ៉េ TASK នៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ។

លោកស្រីបានស្នើសុំស្ថានទូតបន្តផ្តល់កិច្ចសហការលើគម្រោង ជាបន្តបន្ទាប់របស់វិទ្យាស្ថាន និងស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជានាពេលខាងមុខបន្តទៀត។

ចំណែកឯកអគ្គរាជទូត បានថ្លែងអំណរគុណ ចំពោះវិទ្យាស្ថានដែលបានចូលរួមចំណែក ក្នុងការជួយបណ្តុះបណ្តាលមន្ត្រីជំនាញ និងសហគ្រាសធុនតូច-មធ្យម របស់កម្ពុជា ដែលការងារនេះ នឹងអាចជួយបង្កើនសមត្ថភាពផលិត និងលើកកម្ពស់ស្តង់ដារផលិតផលកម្ពុជា ឱ្យស្របតាមលក្ខខណ្ឌនាំចេញ ទៅបរទេស ពិសេសប្រទេសកូរ៉េ។

លោកទូតបញ្ជាក់ថា ស្ថានទូតបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការលើគម្រោងនានា របស់វិទ្យាស្ថាននាពេលខាងមុខ៕

