ព័ត៌មានជាតិ

រាជរដ្ឋាភិបាល តែងតែសង្គ្រោះបន្ទាន់ ដល់កុមារ រងផលប៉ះពាល់ ពីការឈ្លានពាន របស់យោធាថៃ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ដល់កុមារ និងគ្រួសារដែលទទួលរងផលប៉ះពាល់ ពីការឈ្លានពានរបស់យោធាថៃ ។

ការលើកឡើងរបស់លោកប៉ែន បូណាបែបនេះ ស្របពេលកម្ពុជា ប្រារព្ធខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា បច្ចុប្បន្ននៅសល់ជនភៀសសឹកជិត៣ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេ ក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ។

លោកថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ចំពោះពួកគេតាមរយៈការផ្តល់ជម្រកបណ្តោះអាសន្នដែលមានលក្ខណៈសមរម្យ និងជួយសម្រួលដោះស្រាយតម្រូវការចាំបាច់នានារបស់ពួកគេ រាប់ទាំងការសិក្សារបស់កុមារផង។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា “រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ដល់កុមារ និងគ្រួសារដែលទទួលរងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃតាមបណ្តោយព្រំដែន ដើម្បីធានាឱ្យទារក កុមារតូចសិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនមានពិការភាពទទួលបានសុវត្ថិភាព អាហារហូបចុក សេវាសុខភាព និងកុមារអាចបន្តការសិក្សារៀនសូត្រ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ” ។

បើតាមលោក ប៉ែន បូណា បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ការថែរក្សានិងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុវិស័យដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ៕

To Top