សម្ដេចតេជោ យកទីតាំងអគ្គនាយកដ្ឋានពន្ធដារ ជាកន្លែងប្រជុំអន្តរជាតិ នៃប្រធានព្រឹទ្ធសភា-រដ្ឋសភា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីមានប្រសាសន៍ថា នឹងកំណត់យកទីតាំងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី សម្រាប់រៀបចំកិច្ចប្រជុំអន្តរជាតិ នៃប្រធានព្រឹទ្ធសភា និងរដ្ឋសភាដែលមានប្រទេស ប្រមាណជា៤០ប្រទេស នឹងអញ្ជើញចូលរួម ។

ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា ទីតាំងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងសម្រេចយកធ្វើជាទីតាំង សម្រាប់ការរៀបចំកិច្ចប្រជុំអន្តរជាតិមួយ នៃប្រធានព្រឹទ្ធសភា និងរដ្ឋសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅអំឡុងខែសីហា ឆ្នាំ២០២៦នាពេលខាងមុខ។

សម្តេចតេជោបន្តថា ការសម្រេចកំណត់យកទីតាំងនេះ ក្រោយឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានស្នើសុំយោបល់មកកាន់សម្តេច ទើបសម្តេចសម្រេចអញ្ជើញមកទស្សនកិច្ច ដើម្បីពិនិត្យមើលទីតាំងនៅ ក្នុងអគ្គនាយកដ្ឋានពន្ធដារថ្មីនេះតែម្តង ។

សម្តេចតេជោមាបញ្ជាក់ថា “ក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភា ដែលពេលនោះនឹងត្រូវដឹកនាំកិច្ចប្រជុំ ប្រកាសសម្រេចយកទីស្នាក់ការនេះ ធ្វើជាទីកន្លែងប្រជុំអន្តរជាតិដ៏ធំមួយនេះ” ។

មូលហេតុសម្តេចតេជោសម្រេចចិត្តបែបនេះ ដោយសារអាគាររបស់អគ្គនាយកដ្ឋានពន្ធដារ មានលក្ខណៈធំទូលាយ ជាពិសេសមានបន្ទប់ប្រជុំច្រើនសម្រាប់ទទួលស្វាគមន៍ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាមកពីបណ្តាប្រទេសប្រមាណជា៤០ ។

សូមបញ្ជាក់ថា អាគារថ្មី របស់អគ្គនាយកដ្ឋានពន្ធដារនេះ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយបំពាក់នូវឧបករណ៍ បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានាសន្តិសុខ និងសុវត្ថិភាពរបស់អាគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត ។ ជាងនេះ អគារត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការទទួលបានសេវាគាំទ្រ ពាក់ព័ន្ធផ្សេងៗទៀត៕



