ព័ត៌មានជាតិ

សម្តេចតេជោ ៖ បើកម្ពុជាមិនកែទម្រង់ ការប្រមូលពន្ធនឹងមិនកើន ជាង២០០លានដុល្លារក្នុង១ខែ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា ប្រសិនបើកម្ពុជា មិនធ្វើការកែទម្រង់លើវិស័យហិរញ្ញវត្ថុទេ ការប្រមូលពន្ធនឹងមិនកើនឡើងរហូតដល់២៤០លានដុល្លារ ក្នុងមួយខែៗនោះទេ ។

មានប្រសាសន៍ចេញ ពីអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញ ធ្វើទស្សនកិច្ច និងពិនិត្យ សម្តេចតេជោ មានប្រសាសន៍ថា បើកម្ពុជា មិនធ្វើកំណែទម្រង់លើហិរញ្ញវត្ថុសាធារណៈទេ ការប្រមូលពន្ធទាំងពន្ធដារ និងពន្ធគយពិតជានឹងមិនមានកំណើន ដូចសព្វថ្ងៃនេះទេ ។

សម្តេចតេជោសង្កត់ធ្ងន់ថា “ប្រសិនបើយើងមិនធ្វើកំណែទម្រង់ទេ ប្រហែលជាប្រាក់ពន្ធរបស់យើងគឺនៅដដែល ។ ពេលមុនបើគ្រាន់តែនិយាយពីផ្នែកគយមួយ គ្រាន់តែឃើញក្នុងមួយខែបានត្រឹមតែ២០លាន ឬ៣០លានគឺអរចង់ហោះ ប៉ុន្តែឥឡូវនេះ ត្រឹមតែ២៤០ឬ២៣០អីវាតិច វាទាបទាល់តែ២៥០លានឡើងលើអាហ្នឹងបានខ្ពស់”។

សម្តេចតេជោបន្តថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៦នេះ ចំណូលពន្ធដារប្រមូលបានក្នុង រង្វង់ប្រមាណជា៥៣% បើគិតជាទឹកប្រាក់ ប្រមាណជា២០០០ពាន់លានដុល្លារ ដោយបូកជាមួយពន្ធគយទៀត បានកើនឡើងដល់៣៥០០លានដុល្លារឯណោះ ។
ពាក់ព័ន្ធទៅនឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជានេះដែរ សម្តេចតេជោថ្លែងទៅក្រុមប្រឆាំង ដែលចាំតែដេករិះគន់លើការដឹកនាំរបស់កម្ពុជាថា គ្រាន់តែកម្ពុជាសម្រេចបោះពុម្ពប្រកាសប្រាក់ថ្មីបន្ថែមទៀតសុទ្ធតែថា កម្ពុជាពុំមានថវិកាគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ ។ ចំណុចនេះ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ ទៅកាន់ក្រុមឧទ្ទាមក្រៅច្បាប់ថា កម្ពុជាមានថវិកាគ្រប់គ្រាន់សម្រាប់បំពេញ តម្រូវការដោយមិនខ្វះនោះទេ ៕

To Top