ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងយ៉ាងខ្លាំងការពារទឹកដី

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងសកម្មខ្លាំងក្លា ដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភបាល និងថ្នាក់ដឹកនាំកម្ពុជាដើម្បីការពារទឹកដីនេះធ្វើឡើង តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែង និងរក្សាបាននូវសុខសន្តិភាពផង។

លោកថា “អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនបងប្អូនជនរួមជាតិជ្រាបអំពីជំហរសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជាដូចតទៅ៖ ជំហរដោះស្រាយព្រំដែនសមុទ្រ៖ ចាប់តាំងពីគណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦មក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការសម្រេចប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នោះឡើយ ពីព្រោះភាគីថៃបានលុបចោលយន្តការទ្វេភាគីដែលត្រូវបានថែរក្សាអស់រយៈពេល២៥ឆ្នាំមកហើយ” ។

អ្នកនាំពាក្យបន្ថែមថា យន្តការផ្សះផ្សារដោយចាប់បង្ខំនេះទៀតសោត បង្កើតឡើងដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ ដែលពិតជាសមស្របជាមួយជំហរសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា។

បើតាមលោក ប៉ែន បូណា ជំហរបែបនេះត្រូវបានភាគីកម្ពុជា ជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃរួចរាល់ ហើយក៏ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីថៃ នាឱកាសជំនួបត្រីភាគី នៅកោះសេប៊ូ ប្រទេស ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែរ។ បន្ថែមពីលើនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ប្រាប់សមភាគីថៃម្តងទៀតនៅក្នុងជំនួបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក៕

To Top