ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវ ឱ្យចូលរួមបរិច្ចាគថវិកា ដល់មូលនិធិគន្ធបុប្ផា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីអំពាវនាវ ស្តីពីការចូលរួមបរិច្ចាគថវិកា ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

បើតាមសេចក្ដីអំពាវនាវ, មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស ក្នុងគោលបំណងកៀរគរមូលនិធិសប្បុរសធម៌ ដើម្បីរួមចំណែកទ្រទ្រង់កិច្ចដំណើរ ការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ សម្រាប់ទារក និងកុមារ នៅកម្ពុជា រយៈពេល ១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងទ្រទ្រង់កិច្ចដំណើរការរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអំពាវនាវដល់លោក លោកស្រី និងអ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ចូលរួមបរិច្ចាគថវិកាក្នុងយុទ្ធនាការនេះ ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

លើសពីនេះ ប្រមុខក្រសួងមហាផ្ទៃ បានសង្ឃឹមយ៉ាងមុតមាំថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជាថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន និងប្រធានអង្គភាពទាំងអស់ ក្រោមឱវាទក្រសួងមហាផ្ទៃ ចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដោយត្រូវផ្សព្វផ្សាយបំផុសចលនាគាំទ្រ និងកៀរគរប្រមូលថវិកា រួចបញ្ជូនមកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បូកសរុបជូនក្រសួងមហាផ្ទៃ។ ការចូលរួមបរិច្ចាគថវិការបស់ លោក លោកស្រី និងអ្នកនាងកញ្ញា គឺជាកាយវិការដ៏សប្បុរស ដែលនឹងរួមចំណែកក្នុងការព្យាបាលជួយសង្គ្រោះកុមារ និងទារកនៅកម្ពុជារាប់លាននាក់ ៕

To Top