រាជរដ្ឋាភិបាលកម្ពុជា មិនកាត់ការចំណាយថវិកា ក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនថវិកាក្នុងវិស័យ ការពារជាតិនោះទេ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា មិនមានករណីកាត់បន្ថយការចំណាយថវិកា ក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនថវិកា ក្នុងវិស័យការពារនោះទេ ខណៈថវិកាក្នុងវិស័យអប់រំ និងសុខាភិបាល នឹងកើនឡើងដល់ឆ្នាំ២០២៩។
ក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា មានសារព័ត៌មានមួយចំនួនធ្វើការផ្សព្វផ្សាយខុស បានលើកឡើងថា «រាជរដ្ឋាភិបាល នឹងធ្វើការកាត់ចំណាយ ទៅលើវិស័យអាទិភាពមួយចំនួន ដូចជា វិស័យអប់រំ និងវិស័យសុខាភិបាល»។
សម្ដេច មានប្រសាសន៍ថា «ខ្ញុំ សូមបញ្ជាក់ដោយខ្លីថា ទីមួយ គឺរាជរដ្ឋាភិបាល មិនមានការកាត់ចំណាយវិស័យអប់រំ និងវិស័យអប់រំ ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ ទោះបីវិស័យការពារជាតិកើនក៏ដោយ នេះជាចម្លើយខ្លី»។
សម្ដេច បន្ដថា «ទីពីរ វិស័យសង្គមកិច្ច និងអប់រំ សុខាភិបាល បន្ដកើនឡើង ជាក់ស្ដែងនៅឆ្នាំ២០២៦នេះ ទោះបីជាយើងផ្ទុះសង្គ្រាម ឆ្នាំ២០២៥ ក៏ដោយ ចំណាយលើវិស័យការពារជាតិ កើតក៏ដោយ ប៉ុន្ដែចំណាយលើវិស័យអប់រំ និងសុខាភិបាល អត់ថយទេ មានតែកើននៅឆ្នាំ២០២៦នេះ ហើយនឹងកើននៅឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ បន្ដទៀតនេះជាការពិត អត់មានការកាត់បន្ថយ ដកលុយពីអប់រំ ពីសុខាភិបាល យកទៅកើនកងទ័ពនោះទេ»។
សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា វិស័យការពាររាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់ សម្រាប់បង្កើនដែលវិស័យសំខាន់ រួមទាំងវិស័យការពារជាតិ សន្ដិសុខជាតិ វិស័យអប់រំ និងសុខាភិបាល និងសង្គមកិច្ច នេះឯង។
សម្ដេច ក៏បានអំពាវនាវដល់ពលរដ្ឋកុំព្រួយបារម្ភ ខណៈរាជរដ្ឋាភិបាល នៅតែគិតគូរអាទិភាពធំបំផុតចំពោះវិស័យសង្គមកិច្ច អប់រំ និងសុខាភិបាលផងដែរ ៕
