អាជ្ញាធរមីន ៖ ផែនការសកម្មភាព ៣ឆ្នាំ នៃគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្លើយតបនឹងបេសកកម្មមនុស្សធម៌
កំពត ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ផែនការសកម្មភាព ៣ឆ្នាំ នៃគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវរៀបចំឱ្យមានលក្ខណៈជាយុទ្ធសាស្រ្ត និងឆ្លើយតបនឹងបេសកកម្មមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ ក្នុងកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំ នៃគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ និងសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន ឆ្នាំ២០១៨-២០២៥ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះទទួលបានការគាំទ្រពីអង្គការជំនួយ របស់ប្រជាពលរដ្ឋន័រវែស (Norwegian People’s Aid – NPA)។
ក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំផែនការសកម្មភាព៣ឆ្នាំ ដែលជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់បម្លែងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងអាចវាស់វែងលទ្ធផលបាន។

លោកបានបញ្ជាក់ថា «ផែនការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតប និងគាំទ្រដល់បេសកកម្មមនុស្សធម៌របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដែលបង្កឡើងដោយមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងលើកកម្ពស់សុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន»។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា ផែនការសកម្មភាព ៣ឆ្នាំនេះ នឹងជួយពង្រឹងប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈ បច្ចេកទេស និងធនធានមនុស្ស ព្រមទាំងជំរុញការសម្របសម្រួល និងការបែងចែកធនធានឱ្យមានប្រសិទ្ធភាព សមស្រប និងឆ្លើយតបទៅនឹងអាទិភាពជាតិ។ ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត លី ធុជ បានណែនាំដល់អង្គប្រជុំឱ្យធ្វើការពិភាក្សា និងផ្តល់ធាតុចូលប្រកបដោយគុណភាព ដើម្បីរៀបចំផែនការសកម្មភាពឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាយុទ្ធសាស្រ្ត។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងអាជ្ញាធរមីន និងអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា៕
