ព័ត៌មានជាតិ

អភិក្រមនយោបាយការទូត ដ៏សកម្ម របស់រាជរដ្ឋាភិបាល បន្តបោះជំហានទៅមុខ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តបោះជំហានទៅមុខជានិច្ច ក្រោមអភិក្រមនយោបាយការទូតសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។

ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ សម្រាប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា សម្តេចធិបតី បានប្រកាសកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ថា កម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សារដោយចាប់បង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។

លោកថា សម្រាប់លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិនានានៅរាជធានីភ្នំពេញ ស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតសំខាន់លើការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររបស់កម្ពុជា។ ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយហ្វីលីពីន ក៏ចុះទៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅទីតាំងផ្ទាល់ដែលបានរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ ដើម្បីកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដែលបានរារាំងប្រជាពលរដ្ឋជាច្រើន មិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

លោក ប៉ែន បូណា សង្កត់ធ្ងន់ថា “ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញពីភាពសកម្មនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទាំងដែនគោក និងដែនសមុទ្រ ដោយមិនធ្វេសប្រហែស និងមិននៅស្ងៀមចំពោះមុខការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងមកលើប្រជាជនរបស់ខ្លួនឡើយ” ៕

To Top