អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យ និងជំរុញការកែលម្អសោភ័ណភាព ក្រុងសែនមនោរម្យ ត្រៀមទទួលភ្ញៀវទេសចរ
មណ្ឌលគិរី៖ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងក្រុងសែនមនោរម្យ។

ការចុះពិនិត្យនេះ បានផ្តោតលើការរៀបចំផ្សាររាត្រី សួនកុមារសាធារណៈ និងការសិក្សាដំណោះស្រាយបញ្ហាទឹកនៅតំបន់ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ព្រមទាំងការកែលម្អសោភ័ណភាពនៅតាមទីតាំងសាធារណៈនានា ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រុងសែនមនោរម្យ គឺជាបេះដូងនៃវិស័យទេសចរណ៍របស់ខេត្តមណ្ឌលគិរី ដែលមានសក្តានុពលខ្ពស់ទាំងផ្នែកធម្មជាតិ អាកាសធាតុ និងវប្បធម៌ជនជាតិដើមភាគតិច។ ដូច្នេះ ការរៀបចំទីក្រុងឱ្យមានសណ្តាប់ធ្នាប់ ស្អាត និងមានបរិស្ថានល្អ គឺជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកគង់ គឹមនី ក៏បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ឱ្យពន្លឿនការសិក្សា និងអនុវត្តវិធានការដោះស្រាយបញ្ហាទឹកនៅតាមទំនប់នានា ដើម្បីធានាបាននូវទេសភាពស្រស់ស្អាត និងបរិមាណទឹកគ្រប់គ្រាន់ សម្រាប់បម្រើដល់ការកម្សាន្ត និងការទាក់ទាញភ្ញៀវទេសចរពេញមួយឆ្នាំ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងគោរពច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាធ្វើឱ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅទេសចរណ៍បៃតង ស្អាត សុវត្ថិភាព និងមានភាពទាក់ទាញកាន់តែខ្លាំងនាពេលខាងមុខ។

ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងក្រុងសែនមនោរម្យ បានសម្តែងការគាំទ្រចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ដោយរំពឹងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទីក្រុង នឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
