ព័ត៌មានជាតិ

៥ខែ ក្រសួងបរិស្ថាន បង្រ្កាបបទល្មើសធនធានធម្មជាតិ ៨៩៦ករណី ឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការ ៤៣នាក់

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ បានធ្វើសកម្មភាពល្បាតចំនួន ៥ ៣៣៨ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ៨៩៦ករណី ។
មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ២៩៣ករណី បទល្មើសសត្វព្រៃ ចំនួន ២២៦ករណី បទល្មើសកាប់រុករាន ទន្ទ្រានដីរដ្ឋចំនួន ២៤២ករណី បទល្មើសនេសាទ ចំនួន ១២៦ករណី និងបទល្មើសធនធានរ៉ែ ៩ករណី។

ក្នុងរយៈពេលដូចគ្នា ក្រុមការងារបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចំនួន ៦៨ សំណុំរឿង និងបញ្ជូនជន សង្ស័យទៅតុលាការ ចំនួន ៤៣នាក់។ ជាមួយគ្នានេះ ក្រុមការងារបានដកហូតមធ្យោបាយប្រព្រឹត្តបទល្មើស រួមមានរណាយន្តចំនួន២២៨គ្រឿង គោយន្ត ចំនួន១៨គ្រឿង ម៉ូតូចំនួន៣៣គ្រឿង និងគ្រឿងយន្តមួយចំនួនទៀត។ លើសពីនេះក្រុមការងារបានចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស រួមមានកាំភ្លើងកែច្នៃចំនួន៨៦ ដើម មានគ្រប់១៥គ្រាប់ អាវុធ ៤ដើម គ្រាប់៥១គ្រប់ អន្ទាក់ឆក់ចំនួន១ ២២៥ម៉ែត្រ និងអន្ទាក់ខ្សែមានចំនួន១១ ២២០ ខ្សែ។

សូមបញ្ជាក់ថាក្នុងខែឧសភា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន ១ ២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ចំនួន ១៧៨ ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន៦៥ ករណី បទល្មើសសត្វព្រៃចំនួន៤៤ ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ៤៤ករណី បទល្មើសនេសាទ ចំនួន ២៤ករណី និងបទល្មើសធនធានរ៉ែ ១ករណី ។

ក្រសួងបរិស្ថាន បានបន្តពង្រឹងការល្បាត ការពារព្រៃឈើ និងសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង។ សញ្ញាណទីតាំងដែលមានការដុតបំផ្លាញ ការកាប់ឈើ ឬការឈូសឆាយដីខុសច្បាប់។ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ត្រូវបានដាក់ចេញនូវការគ្រប់គ្រង អភិរក្ស និងការពារធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕

To Top