ក្រសួងឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ សហការរៀបចំការវាយតម្លៃ ពាក់កណ្តាលអាណត្តិ សម្រាប់យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលជួបតំណាង ដៃគូអភិវឌ្ឍន៍ មកពីអង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីពិភាក្សាអំពីការរៀបចំការ ការវាយតម្លៃពាក់កណ្តាលអាណត្តិ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
កិច្ចពិភាក្សាបានផ្តោតលើការ វាយតម្លៃវឌ្ឍនភាព នៃការអនុវត្តយុទ្ធសាស្ត្រ និងភាពចាំបាច់នៃការវាយតម្លៃ ពាក់កណ្តាលអាណត្តិ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ សម្រាប់ពាក់កណ្តាលអាណត្តិទៀត។
លោក ហែម វណ្ណឌី បានលើកឡើងថា ការវាយតម្លៃនេះមានសារសំខាន់ ក្នុងការវាស់វែងថាតើ កិច្ចខិតខំប្រឹងប្រែងកន្លងមកសម្រេចបានលទ្ធផលតាមការរំពឹងទុកកម្រិតណា និងថាតើត្រូវមានការកែសម្រួលទិសដៅ ឬវិធានការណាមួយបន្ថែម ដើម្បីធានាឱ្យការអនុវត្តយុទ្ធសាស្ត្រ សម្រេចតាមគោលដៅកំណត់។ ក្រសួង ស្ថាប័នពាក់ព័ន្ធក៏នឹងត្រូវរៀបចំរបាយការណ៍វឌ្ឍនភាព ដើម្បីគាំទ្រដល់ដំណើរការវាយតម្លៃនេះផងដែរ។
ក្នុងឱកាសនោះ តំណាងអង្គការ ILO និង UNDP បានបង្ហាញ ការប្តេជ្ញាចិត្តបន្តកិច្ចសហការ និងផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស សម្រាប់ដំណើរការវាយតម្លៃនេះ ។
ភាគីទាំងអស់ក៏បានពិភាក្សា អំពីការពង្រីកយុទ្ធនាការ ផ្សព្វផ្សាយទៅកាន់បណ្តាខេត្តក្រុងបន្ថែម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងប្រព័ន្ធ Chatbot និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីពង្រីកការផ្សព្វផ្សាយ និងកៀរគរការចូលរួមកាន់តែច្រើនពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
