ព័ត៌មានជាតិ

អាល្លឺម៉ង់គាំទ្រកម្ពុជា លើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី

ភ្នំពេញ ៖ សហព័ន្ធអាល្លឺម៉ង់គាំទ្រកម្ពុជា លើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្ដូរ ទស្សនកិច្ចទៅវិញទៅមក ។

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បានប្រាប់ប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់សាជាថ្មីថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាដាច់ខាតមិនទទួលស្គាល់រាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ ជាមួយគ្នានេះ កម្ពុជាក៏នៅតែបន្តប្រកាន់ជំហរឥតកែប្រែ ក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានបង្ហាញ ការគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិនេះ។

តាមរយៈកិច្ចប្រជុំពិភាក្សាការងារ រវាងលោក នឹម ច័ន្ទតារា អនុប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ជាមួយលោក ថូម៉ាស រ៉ាជែល សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ភាគីអាល្លឺម៉ង់បានសម្តែង ការសោកស្តាយចំពោះផលប៉ះពាល់នានា ដែលកើតមានលើប្រជាពលរដ្ឋកម្ពុជា ដោយសារជម្លោះព្រំដែននេះ ព្រមទាំងបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ (UN) នៅតែជាសសរស្តម្ភដ៏សំខាន់ និងជាយន្តការអន្តរជាតិដែលមិនអាចខ្វះ បានក្នុងការថែរក្សាសន្តិភាពពិភពលោក។

ក្រៅពីបញ្ហាព្រំដែន ភាគីទាំងពីរក៏បានជជែកពិភាក្សាយ៉ាងស៊ីជម្រៅ លើការរឹតចំណងមិត្តភាពទ្វេភាគី ក្នុងនោះអនុប្រធានគណៈកម្មការទី៥ បានស្នើឱ្យភាគីអាល្លឺម៉ង់ពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសភាទាំងពីរ ដើម្បីរួមគ្នាលើកកម្ពស់ការងាគ្រប់វិស័យ ដែលជាផលប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ បានបង្កើតទំនាក់ទំនងការទូត ជាមួយគ្នាតាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ ដោយទំនាក់ទំនងនេះ បាននិងកំពុងរីកចម្រើន យ៉ាងរឹងមាំជាលំដាប់លើគ្រប់វិស័យ ។
បច្ចុប្បន្ន អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំមួយរបស់កម្ពុជា នៅក្នុងសហភាពអឺរ៉ុប (EU) និងជាប្រទេសដែលបានផ្តល់ ជំនួយឥតសំណងយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រហូតមកដល់ពេល បច្ចុប្បន្នផងដែរ៕

To Top