ស្អែកនេះ វេទិកាការងារ នៅខេត្តបាត់ដំបង មានឱកាសការងារជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ
បាត់ដំបង៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី៥ និងទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះនឹងត្រូវរៀបចំនៅថ្ងៃទី៥ ខែមិថុនា ក្នុងបរិវេណវត្តឧត្តមមានជ័យសិរីមុន្នី (វត្តស្តុកប្រវឹក) ស្រុករុក្ខគីរី និងនៅថ្ងៃទី៦ ខែមិថុនា ក្នុងបរិវេណវិទ្យាល័យសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកបន្តថា វេទិកាការងារនេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។

ជាមួយគ្នានេះ លោក ស៊ុន មេសា បានអំពាវនាវទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានបំណងស្វែងរកការងារធ្វើសូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕





