ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រាប់ទូតសិង្ហបុរី ថា កម្ពុជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបោសសម្អាត Online Scam
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់ទូតសិង្ហបុរី ថា កម្ពុជាកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួច ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ពីប្រទេសកម្ពុជា។
ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលតែងតាំងថ្មី ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ផ្តោតសំខាន់លើការកែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័ន ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងថា «បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួច ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដោយចាត់ទុកបញ្ហានេះជាអាទិភាពសំខាន់មួយ សម្រាប់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បរិយាកាសវិនិយោគ និងកេរ្តិ៍ឈ្មោះរបស់ប្រទេស»។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី៣ និងជាវិនិយោគិនលំដាប់ទី៣ របស់កម្ពុជា។ ទោះយ៉ាងនេះក្តី កម្ពុជានិងសិង្ហបុរីនៅមានសក្តានុពលច្រើនថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ជាការឆ្លើយតប លោក Steven Pang Chee Wee បានសម្តែងការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើទំនើបកម្មប្រទេស ក្រោមក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។
លោក ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការជំរុញវិស័យពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើការបញ្ជូនពលករកម្ពុជាទៅធ្វើការ និងអភិវឌ្ឍជំនាញនៅសិង្ហបុរី ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដោយបន្តគាំទ្រការកសាងសមត្ថភាពមន្ត្រីរាជការកម្ពុជា៕
