Feature

លោក ហ្សង់ ហ្វ្រង់ស័រតាន់  ៖ យន្តការផ្សះផ្សាដោយចាប់បង្ខំ ជាមាគ៌ាប្រសើរបំផុត

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ ហ្វ្រង់ស័រតាន់ នៅថ្ងៃ៥ មិថុនា នេះបានលើកឡើងថា យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំអំពីដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ គឺជាមាគ៌ាសន្តិវិធីប្រសើរជាងគេបំផុត។
 
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ្សង់ ហ្វ្រង់ស័រតាន់  លើកឡើងថា តាំងពីដើមដំបូងមក កម្ពុជាដែលតាមរយៈបទពិសោធន៍ល្វីងជូរចត់របស់ខ្លួន យល់ដឹងច្បាស់ថា «ជម្លោះមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ» តែងប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន ។
 
លោកថា តាំងពីខែធ្នូ ២០២៥មក ដោយហេតុតែមានការឈ្លានពាន និងការកាន់កាប់ទឹកដីខ្មែរមួយចំនួននៅតាមបណ្តោយព្រំដែន ក្នុងគោលដៅលេបយកទឹកដីទាំងនោះតែម្តង, កម្ពុជាប្រកាសមិនទទួលដាច់ខាត ការកែប្រែឬកំណត់ព្រំដែនឡើងវិញដោយប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានការណ៍ជាក់ស្តែង ។
 
លោកបន្ថែមថា កម្ពុជាតែងអំពាវនាវខាងថៃឱ្យអនុញ្ញាតក្រុមការងារបច្ចេកទេសព្រំដែនរបស់ខ្លួន វិលមកធ្វើកិច្ចការងារកំណត់ទីតាំងបង្គោលព្រំដែនឡើងវិញជាមួយក្រុមការងារបច្ចេកទេសកម្ពុជា សូម្បីតែមិនទាន់មានកិច្ចប្រជុំJBC ឡើងវិញក៏ដោយ។
 
បន្ថែមពីលើនេះ ពាក់ព័ន្ធបញ្ហាព្រំដែនសមុទ្រវិញឯកឧត្តមគូសបញ្ជាក់ថា ក្នុងគោលដៅដោះស្រាយជម្លោះពាក់ព័ន្ធនឹងការទាមទារតំបន់ត្រួតស៊ីគ្នា ពីសំណាក់កម្ពុជា និងពីសំណាក់ថៃ, កម្ពុជាបានផ្តើមនិងកំពុងបន្តប្រើប្រាស់ជាផ្លូវការយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ក្រោមUNCLOS តាំងពីថ្ងៃ២មិថុនា២០២៦។ ត្រង់នេះឯកឧត្តមបញ្ជាក់ជាថ្មីថា គឺមកពីខាងថៃបានដកខ្លួនជាឯកតោភាគីចេញពីMoU2001 ដែលMoUនេះ គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់រវាងកម្ពុជានិងថៃ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។
 
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសសង្កត់ធ្ងន់ថា កម្ពុជាជឿជាក់ថា យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំនេះ គឺជាមាគ៌ាសន្តិវិធីប្រសើរជាងគេបំផុត ដែលនឹងនាំទៅរកដំណោះស្រាយដ៏យុត្តិធម៌មួយ សម្រាប់ភាគីជម្លោះកម្ពុជា-ថៃ នៅក្នុងបញ្ហាដែនសមុទ្រ៕

To Top