ក្រសួងការងារ និង ADB ពិភាក្សាពង្រីក កិច្ចសហប្រតិបត្តិការ លើការងារអាទិភាព និងវឌ្ឍនភាពការងារ លើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធន មនុស្សតាមរយៈ វិស័យ TVET
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) និងសហការី នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារ និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាង គោលនយោបាយថ្នាក់ជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ គោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ក៏ដូចជា ការងារអាទិភាពនាពេលអនាគត ក្នុងការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យការងារជាដើម។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ក្នុងការគាំទ្រដល់ការបណ្តុះបណ្តាល ការអភិវឌ្ឍកម្លាំងពលកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែង ក៏ដូចជាផ្ដល់អនុសាសន៍គន្លឹះក្នុងដំណើរការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជំនាញនៅកម្ពុជា ដែលជាក់ស្តែងដូចជា គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះជាដើម។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍជំនាញលើវិស័យឧស្សាហកម្ម។ ជាមួយគ្នានេះ ឯកឧត្ដមក៏ បានលើកឡើងពីសារៈសំខាន់នៃវិស័យ TVET រួមទាំង កម្មវិធី TVET ១,៥លាន ដែលជាគ្រឹះ សម្រាប់ការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មី ដែលផ្តល់ឱកាសស្មើគ្នាដល់យុវជន ស្របតាមតម្រូវការឧស្សាហកម្មដែលកំពុងវិវត្ត។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាកំពុងជួយយុវជនឱ្យទទួលបានការអភិវឌ្ឍជំនាញ ហើយការងារនិងប្រាក់ចំណូលកាន់តែប្រសើរ ដែលធ្វើឱ្យវិស័យ TVET កាន់តែមានការចាប់អារម្មណ៍ថែមទៀត។

ជាការឆ្លើយតប លោកស្រី ស៊ីឌីគី បានកោតសរសើរ ចំពោះសមិទ្ធផល ការងារនៃកិច្ចសហការប្រតិបត្តិការ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាភាពជាអ្នកដឹកនាំ របស់លោករដ្ឋមន្រ្តី ក្នុងការជំរុញឱ្យមានវឌ្ឍនភាព នៃវិធានការគោលនយោបាយសំខាន់ៗនេះ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបង្ហាញ ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចពិភាក្សាយ៉ាងផុសផុលលើសេចក្តីព្រាងគោលនយោបាយទាំងនេះ។ លោកស្រីក៏បានបង្ហាញនូវការបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអនុវត្តគោលនយោបាយ ក៏ដូចជាកម្មវិធីយុទ្ធសាស្ត្រសម្រាប់វិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពី ការពង្រីកកម្មវិធីបណ្តុះ បណ្តាលគ្រូបង្គោល ក៏ដូចជាការពង្រីក និងការអភិវឌ្ឍសាលា TVET នៅតាមតំបន់គោលដៅសំខាន់ៗមួយចំនួនទៀត។

ជាមួយនឹងកិច្ចពិភាក្សា ប្រកបដោយការស្ថាបនា លោក ហេង សួរ បានក៏បានគូសបញ្ជាក់ថា ក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយ ADB ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ការអភិវឌ្ឍរយៈពេលវែង៕





