ព័ត៌មានជាតិ

លោក ពៅ ពិសិដ្ឋ ចុះពង្រឹងតាមដាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅរដ្ឋបាលស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ បានអញ្ជើញចុះពង្រឹង តាមដាន និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» នៅរដ្ឋបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការ លោកស្នងការរង លោកនាយ និងនាយរងការិយាល័យពាក់ព័ន្ធ លោកប្រធានក្រុមព្រឹក្សាស្រុក លោកអភិបាលស្រុក លោកអធិការ និងអធិការរងនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ទីតាំង បន្ទប់ជួល ផ្ទះជួល ផ្ទះសំណាក់ និងទីតាំងផ្តល់សេវាស្នាក់នៅផ្សេងៗជាច្រើនរូប។

ក្នុងឱកាសនោះ លោក ធៀម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអានរបាយការណ៍ស្តីពីសមិទ្ធផល និងវឌ្ឍនភាពការងារក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ដោយបានបង្ហាញពីលទ្ធផលការងារសំខាន់ៗ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ថ្លែងក្នុងអង្គប្រជុំ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការ បានផ្សព្វផ្សាយអំពីការគ្រប់គ្រងសន្តិសុខនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយផ្តោតលើវិធានការរដ្ឋបាល វិធានការជំនាញ វិធានការមហាជន និងវិធានការច្បាប់។ ជំរុញដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ បន្តរៀបចំវេទិកាសាធារណៈ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីការចូលរួមថែរក្សាសន្តិសុខសង្គម ព្រមទាំងលើកឡើងនូវវិធានការចាំបាច់នានា ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ។

ជាមួយគ្នានេះ លោក ពៅ ពិសិដ្ឋ បានលើកឡើងអំពីហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចកើតមានពីការផ្តល់ទីតាំង ឬអគារសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានក្រើនរំលឹកដល់ម្ចាស់ទីតាំងស្នាក់នៅទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការត្រួតពិនិត្យអត្តសញ្ញាណអ្នកស្នាក់នៅឲ្យបានត្រឹមត្រូវ។លោកក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងកិច្ចសហការសម្អាតទីតាំងដែលផ្តល់សេវាដល់ជនបរទេសខុសច្បាប់ ព្រមទាំងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបញ្ហាក្មេងទំនើង បទល្មើសគ្រឿងញៀន និងល្បែងស៊ីសង ដែលជាកត្តាប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន។

អង្គប្រជុំបានបញ្ចប់ទៅក្នុងបរិយាកាសយកចិត្តទុកដាក់ និងទទួលបានការគាំទ្រពីអាជ្ញាធរ ម្ចាស់ទីតាំងស្នាក់នៅ និងប្រជាពលរដ្ឋ ដោយប្តេជ្ញារួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឲ្យកាន់តែមានប្រសិទ្ធភាព សំដៅរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរនៅក្នុងមូលដ្ឋាន។

អត្ថបទនេះ÷ស្នងការនគរបាលខេត្តពោធិ៍សាត់  ខេម៉ា | ដើមអម្ពិល

To Top