ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ សាលារៀន ត្រូវពង្រឹងកិច្ចសហការជាមួយគ្រួសារ និងអាជ្ញាធរ ដើម្បីបង្ការ និងទប់ស្កាត់ អំពើហិង្សាគ្រប់ទម្រង់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំសាលារៀន ត្រូវពង្រឹងកិច្ចសហការជាមួយគ្រួសារ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់ អំពើហិង្សាគ្រប់ទម្រង់ នៅក្នុង និងក្រៅសាលារៀន។

ការណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីសិស្សស្រីមួយក្រុមនៃវិទ្យាល័យទួលទំពូង បានព្រួតគ្នាប្រើអំពើហិង្សាក្រៅបរិវេណសាលាលើសិស្សស្រីម្នាក់ កំពុងសិក្សា នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានចុះជួបនាយកសាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សពាក់ព័ន្ធ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងវិទ្យាល័យទួលទំពូង ព្រមទាំងអាជ្ញាធរ មូលដ្ឋាន ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយករណីអំពើហិង្សារវាងសិស្សខាងលើ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅថ្ងៃទី៦ មិថុនា ថា ក្នុងករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានណែនាំដល់នាយក សាលារៀនឱ្យអនុវត្តវិធានការអប់រំ ណែនាំ និងវិធានការវិន័យចំពោះសិស្សបង្កហេតុ ដូចជា ៖ ចាត់វិធានការវិន័យចំពោះក្រុមសិស្សបង្កហេតុ ដោយធ្វើការអប់រំ ណែនាំផ្ទាល់ និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ រាល់សកម្មភាពហិង្សា ដោយមានការទទួលស្គាល់ និងចុះហត្ថលេខាពីឪពុកម្តាយ ឬអាណាព្យាបាល, ចាត់តាំងសិស្សបង្កហេតុឱ្យធ្វើពលកម្មសាលារៀន ឬការងារបម្រើផលប្រយោជន៍សាធារណៈក្នុងសាលារៀន រយៈពេល ១ខែ ដោយមិនទាន់គិតដល់វិធានការផ្លូវច្បាប់ផ្សេងទៀត ដែលអាចត្រូវអនុវត្តដោយអាជ្ញាធរមាន សមត្ថកិច្ច។

ក្នុងករណីមិនកែប្រែឥរិយាបថ ឬនៅតែបន្តប្រព្រឹត្តសកម្មភាពហិង្សា នឹងត្រូវអនុវត្តវិធានការវិន័យបន្ថែម ដូចជា ផ្អាកការសិក្សាជាបណ្តោះអាសន្នក្នុងរយៈពេលពី ១ ទៅ ២ សប្តាហ៍ ឬប្តូរថ្នាក់ ឬប្តូរទៅសិក្សានៅសាលារៀនផ្សេង។ 

ដើម្បីទប់ស្កាត់សកម្មភាពហិង្សា និងអំពើអសីលធម៌ដែលបង្កឡើងដោយសិស្សនៅក្នុង និងក្រៅសាលារៀន ក៏ដូចជា បង្ការកុំឱ្យកើតមានករណីស្រដៀងគ្នានៅតាមសាលារៀនផ្សេងទៀត ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់នាយក សាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន សង្កេត និងអន្តរាគមន៍ទាន់ពេលវេលាចំពោះរាល់សកម្មភាពមិនប្រក្រតីរបស់សិស្ស។ ជាមួយគ្នានេះ សាលារៀន ត្រូវពង្រឹងកិច្ចសហការ ជាមួយគ្រួសារ និងសហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការចូលរួមកាន់តែសកម្មក្នុងការអប់រំ បង្ការ និងទប់ស្កាត់ អំពើហិង្សាគ្រប់ទម្រង់នៅក្នុង និងក្រៅសាលារៀន៕

To Top