មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បើកដំណើរការស្ពានថ្មីមួយកន្លែង នៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលជាផ្លូវការនូវសមិទ្ធផលស្ពានថ្មីមួយកន្លែង ដែលបានសាងសង់រួចរាល់លទ្ធផល ១០០% ស្ថិតនៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ស្ពានដែលត្រូវបានប្រគល់-ទទួល និងបើកឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាប្រភេទស្ពានសសរបេតុង ធ្នឹមដែក កម្រាលឈើ មានប្រវែង៣៦ ម៉ែត្រ ទទឹង២.៥ ម៉ែត្រ

ពិធីប្រគល់-ទទួលនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋ មេភូមិ មេឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងមូលដ្ឋានផងដែរ។ ការបើកដំណើរការប្រើប្រាស់ស្ពាននេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗសិស្សានុសិស្សក្នុងការទៅសិក្សារៀនសូត្រ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងចៀសវាងបាននូវការលំបាកនារដូវវស្សានេះ។

សមិទ្ធផលស្ពានថ្មីនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងខេត្តមណ្ឌលគិរីឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
