Feature

សម្តេចតេជោ ចាប់អារម្មណ៍អត្ថបទអ្នកជំនាញថៃ ដែលវិភាគថា ថៃគ្រប់គ្រងហ្គេម UNCLOS និងជាសង្គមស្រមើស្រមៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា សម្តេចពេញចិត្តជាខ្លាំងចំពោះអត្ថបទរបស់ជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជាដែលបានវិភាគថា ថៃគ្រប់គ្រងហ្គេម UNCLOS និងជាសង្គមស្រមើស្រមៃមិនសូវអានសៀវភៅ ។

ការមានប្រសាសន៍របស់សម្តេចតេជោនេះ បន្ទាប់ពីលោកសាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជាបានចេញផ្សាយអត្ថបទ ដែលមានចំណងជើងថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» ។ នៅក្នុងការសំណេរវិភាគរបស់លោកសាស្ត្រាចារ្យ បាននិយាយដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។

ចំពោះអត្ថបទនេះ សម្តេចតេជោបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា សម្តេចមានការចាប់អារម្មណ៍ទៅលើអត្ថបទនេះ ។ សម្តេចតេជោមានប្រសាសន៍ទៀតថា សម្តេចមិនមានការធ្វើអត្ថាធិប្បាយបន្ថែមអ្វីទេ ទៅលើអត្ថបទរបស់លោកសាស្ត្រាចារ្យ Akaraphong Khamkhun ទុកឱ្យប្រជាជនទាំងពីរពិចារណាលើអ្វី ដែលលោកសាស្ត្រាចារ្យបានសរសេររៀបរាប់។ ដោយសម្តេចតេជោ បានចូលរួមចែករំលែកនូវអត្ថបទនេះ ដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជនកម្ពុជា-ថៃ បានជ្រាបបន្ថែម។

ខ្លឹមសារអត្ថបទទាំងស្រុងរបស់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ បានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើម ដំណើរការផ្សះផ្សាដោយបង្ខំអនុលោម តាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ឬ UNCLOS។ ក្នុងនោះ ក៏មានការតែងតាំងអ្នកជំនាញច្បាប់ ចំនួន ២រូបជាតំណាង និងទុកពេលឱ្យភាគីថៃ ស្នើឈ្មោះតំណាង២រូប ក្នុងរយៈពេល៣សប្ដាហ៍ ដើម្បីជ្រើសរើសប្រធានមកបំពេញតួនាទីផ្សះផ្សា។ សាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហា វិវាទព្រំដែនថៃ-កម្ពុជា បានធ្វើការវិភាគដោយត្រង់ៗថា សង្គមថៃជាសង្គម ដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ ។
កម្ពុជាគេធ្វើទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែថៃ ជាសង្គមដែលសូម្បីតែចំណេះដឹងមូលដ្ឋានអំពី ច្បាប់សមុទ្រក៏មិនទាន់យល់ដឹងផង។

បន្ទាប់មកពួកគេត្អូញត្អែរថា កម្ពុជាដើរហ្គេមលឿនជាង ធ្វើឱ្យថៃត្រៀមខ្លួនមិនទាន់ ។ ការណ៍ដែលត្រៀមខ្លួនមិនទាន់នោះ គឺដោយសារតែគ្មានសតិ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយក្នុងករណីថៃ-កម្ពុជា យើងដោះស្រាយបញ្ហាខុសចំណុចមករហូត។ បញ្ហាកំពុងកើតឡើងនៅព្រំដែនគោក ប៉ុន្តែបែរជាទៅប្រកាសលុបចោល កិច្ចព្រមព្រៀងព្រំដែនទឹក តើវាមានន័យថាម៉េច? វាមានន័យថា យើងមិនទាន់យល់ដឹង អំពីស្តង់ដារនយោបាយអន្តរជាតិទាល់តែសោះ។

យើងជាសង្គមដែលគិតស្រមៃតែម្នាក់ឯង ព្រោះគិតថា កម្ពុជានឹងដើរតាមយើងដោយអាងលើមោទនភាពថា ខ្លួនជាប្រទេសដែលធំជាង មានអំណាចចរចាច្រើនជាង ចង់ធ្វើអ្វីក៏បាន ដែលខ្ញុំគិតថានេះជាមេរៀនដែលសង្គមថៃត្រូវតែរៀនសូត្រ។ មនុស្សជាច្រើននិយាយថា តើយើងដើរមិនទាន់ហ្គេមរបស់កម្ពុជាមែនទេ? វាមិនមែនយើងដើរមិនទាន់ហ្គេមនោះទេ ប៉ុន្តែយើងខ្លួនឯងនៅមិនទាន់ដឹងខ្លួនផងថា តើយើងកំពុងធ្វើអ្វី?

បញ្ហាព្រំដែនគោក ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២៥ វាត្រឹមតែជាបញ្ហាដែលកើតឡើងនៅតំបន់ Chong Bok ប៉ុណ្ណោះ ប៉ុន្តែសង្គមថៃបែរជានិយាយរាលដាលទៅឆ្ងាយជាបន្តបន្ទាប់ ដោយមិនបានផ្ដោតលើចំណុចជាក់លាក់ឡើយ។ ខ្ញុំសូមនិយាយត្រង់នេះតែម្ដងថា អ្នកដែលស្រែកថា ស្នេហាជាតិប៉ុន្តែគ្មានខួរក្បាល គឺជាអ្នកដែលបំផ្លាញជាតិពិតប្រាកដ។

អ្នកបានយកភាពអគតិផ្ទាល់ខ្លួន និងការស្អប់ខ្ពើមមកធ្វើជាមូលដ្ឋាន ហើយនៅពេលដែលធ្វើអ្វីមិនបានក៏ងាកមកប្រើប្រាស់ហ្គេមបំផ្លាញជនជាតិថៃដូចគ្នា ដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកធ្វើជាឧបករណ៍។ ខ្ញុំគិតថានេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិនិត្យមើលខ្លួនឯងឡើងវិញ ជាពិសេសរឿងច្បាប់ ដែលយើងមិនបានគោរពតាមបទដ្ឋានគតិយុត្តទាល់តែសោះ។

ស្ថានការណ៍លើកនេះ បង្ហាញឱ្យឃើញថាសង្គមថៃជាសង្គមដែលខ្វះការយល់ដឹង ញែកមិនដាច់សូម្បីតែកិច្ចសហប្រតិបត្តិការឆ្នាំ១៩៩៥ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអង្កេត និងការបោះបង្គោលព្រំដែនគោក ឆ្នាំ2000 (MOU 43) ព្រមទាំងយន្តការកម្រិតទ្វេភាគីដ៏សំខាន់របស់ភាគីយោធាចំនួន ២ទៀត រួមមាន ៖ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនភូមិភាគ ។

ហេតុដូច្នេះ សម្រាប់ស្ថានការណ៍នេះ យើងកុំស្លន់ស្លោអី។ ថៃបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីតំបន់ដែលថៃនិងកម្ពុជាទាមទារសិទ្ធិត្រួតគ្នានៅលើបាតសមុទ្រ ឆ្នាំ២០០១ (MOU 44) ដែលកាលពីថ្ងៃទី៥ ខែឧសភា វាបានបង្ហាញថា ភាគីកម្ពុជាបានត្រៀមលក្ខណៈទុកជាមុនរួចរាល់ហើយ និងបានអនុវត្តទៅតាមច្បាប់យ៉ាងត្រឹមត្រូវ៕

To Top